(ឧត្តរមានជ័យ)៖ ខ្យល់កន្ត្រាក់លាយលំជាមួយភ្លៀងយ៉ាងខ្លាំង បានបណ្តាលឲ្យខូច​ខាតផ្ទះប្រជាពលរដ្ឋ តូចធំចំនួន៣០ខ្នង និងរបួសមនុស្សចំនួន៦នាក់ទៀត នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិទំនប់ ឃុំត្រពាំងតាវ និងភូមិគោកសំព៌រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បន្ទាប់ពីកើតហេតុក្ដៅៗនេះភ្លាម លោក ស ថាវី អភិបាលខេត្ត សហការជាមួយ លោកឧត្តមសេនីយ៍ ម៉ែន លី ស្នងការនគរបាលខេត្ត បានដឹកនាំអាជ្ញាធរស្រុក, កម្លាំងនគរបាលស្រុកវរ៩០៥ និងមន្ត្រី​ពាក់ព័ន្ធ ចុះទៅត្រួតពិនិត្យ និងជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ព្រមទាំងបាននាំយកសម្ភារមួយចំនួន ប្រគល់ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃនេះថា បាតុភូតកាលពីម្សិលមិញនេះ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរួមមាន៖ រលំផ្ទះ១៣ខ្នង  របើកដំបូលផ្ទះ១៧ខ្នង បណ្ដាលឱ្យប្រជាពលរដ្ឋរបួសធ្ងន់ម្នាក ស្រាល៥នាក់ ខូចរថយន្ត​១គ្រឿង ខូចត្រាក់ទ័រ១គ្រឿង ខូចម៉ូតូ១គ្រឿង។

ហេតុការណ៍ខាងលើ បានកើតឡើងនៅក្នុងឃុំលំទង ខូចខាតផ្ទះសរុប២៥ខ្នង ក្នុងនោះរលំផ្ទះ១០ខ្នង របើកដំបូលផ្ទះ១៥ខ្នង របួសស្រាល៤នាក់ ខូចរថយន្ត១គ្រឿង ខូចត្រាក់ទ័រ១គ្រឿង ខូចម៉ូតូ១​គ្រឿង។ ចំណែកឃុំត្រពាំងតាវ ខូចខាតសរុប៥ខ្នងរួមមាន៖ រលំផ្ទះ៣ខ្នង ប៉ើងដំបូលផ្ទ២ខ្នង របួស២នាក់។ សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែមេសា ម្សិលមិញនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសអាសន្នក្ដែងៗ ដើម្បីឱ្យប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួនក្នុងរាជធានី និងខេត្តមួយចំនួន ពិសេសរួមមាន៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ស្វាយរៀង កោះកុង និងព្រៃវែង៕