(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៦នេះ ដឹកនាំដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូង លោក សៀង សុខ ព្រះរាជអាជ្ញារង និងលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារង បានយកកម្រងផ្កា ទៅដាក់ និងទៅគោរពវិញ្ញាណក្ខន្ធ វរៈជនលោកវរសេនីយ៍ត្រី ទៀង ករុណា និងនាំយកបច្ច័យចំនួន៦លានរៀល ទៅចូលបុណ្យ ដើម្បីជាការជួយរំលែកទុក្ខជាមួយក្រុមគ្រួសារសព។

លោក កោ វណ្ឌី បានឲ្យដឹងថា បច្ច័យទាំងអស់នេះ គឺបានមកពីលោកប្រធានសាលាដំបូង លោកព្រះរាជអាជ្ញាអមសាលាដំបូង លោក-លោកស្រី ព្រះរាជអាជ្ញារង ចៅក្រមក្រឡាបញ្ជី និងមន្រ្តីសាលា ដំបូងរាជធានីភ្នំពេញទាំងអស់។ ដោយមើលឃើញភាពក្លាហានរបស់វិរៈជនលោក ទៀង ករុណា បានចុះបំពេញបេសកកម្មបង្រ្កាបបទល្មើស ក្រុមជួញដូរគ្រឿងញៀន និងមានការប៉ះទង្គិចអាវុធដាក់គ្នា ជាអកុសលបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ជីវិត ក្នុងបុព្វហេតុជាតិ។

អនុប្រធានសាលាដំបូងលោក កោ វណ្ឌី បានបន្តថា លោកវរសេនីយ៍ ត្រី ទៀង ករុណ ជាមន្ត្រីកងរាជអាវុធហត្តរាជធានីភ្នំពេញ និងជាមន្រ្តីនគរបាលយុត្តិធម៍ ដែលតែងតែបង្រ្កាបបទល្មើសគ្រឿងញៀន នាំខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនឡើងសាលាដំបូង ជួបមុខ ព្រះរាជអាជ្ញា ចៅក្រម ក្រឡាបញ្ជី ស្ទើរាល់ថ្ងៃ ហើយលោក ទៀង ករុណា ជាមន្ត្រីកងរាជ​អាវុធហត្តសកម្មការងារ និងមានចរិកទន់ភ្លន់។

លោក សៀង សុខ និងលោក មាស ចន្ទ័ពិសិដ្ឋ បានសម្តែងនូវការទទួលស្គាល់ពីគុណបំណាច់លោក ទៀង ករុណាទាំងទឹកចិត្តក្តុកក្តួលថា ពិតជាវីរៈហ៊ានលះបង់អាយុជីវិត ក្នុងកិច្ចប្រតិបត្តិការចុះ​បង្ក្រាបក្រុមជួញដូរគ្រឿងញៀន។ មើលឃើញវីរៈភាព លោក មាស ចន្ទ័ពិសិដ្ឋ និងភរិយាបានចូលបច្ច័យជួយរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពចំនួន​១លានរៀល និងលោក យិន សារ៉ាន់ និងលោកស្រី អ៊ាន អេឡែន ១លានរៀល។

ចំពោះលោក សៀង សុខ ដែលបានដឹកនាំកម្លាំងសមត្តកិច្ចចុះទៅបង្ក្រាបក្រុមជួញដូរគ្រឿងញៀន នោះ បានចូលជាបច្ច័យ ទៅគ្រួសារសព ទឹកប្រាក់ចំនួន២០០​ដុលា្លរអាមេរិក៕