(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយ លោក លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន។
ជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងនឹងរៀបចំពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នាពេលខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកអគ្គលេខាធិការ លឹម ចុក ហ៊ុយ បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាគន្លឹះមួយចំនួនដែលរដ្ឋមន្រ្តីការបរទេសអាស៊ានចាំបាច់ត្រូវធ្វើការពិភាក្សាគ្នា និងផ្តល់មគ្គទេសក៍។ លោកឧបនាយករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការ បានសង្កត់ធ្ងន់អំពីតម្រូវការក្នុងការពន្លឿនការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) និងប្រតិបត្តិការក្របខ័ណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន (ATCAF) ដើម្បីឱ្យតំបន់អាចកសាងឡើងវិញកាន់តែល្អប្រសើរ និងកាន់តែបៃតងឡើង។
ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការ បានឯកភាពគ្នាថា ការជ្រើសរើសប្រទេសជាម្ចាស់ផ្ទះដើម្បីរៀបចំបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) គឺជាអាទិភាពបន្ទាន់សម្រាប់មជ្ឈមណ្ឌល ដើម្បីគាំទ្រដល់ប្រទេសជាសមាជិកអាស៊ានដោះស្រាយបញ្ហាជំងឺរាតត្បាត កូវីដ-១៩ និង ត្រៀមរៀបចំសម្រាប់វិបត្តិសុខភាពនាពេលអនាគត។
អំពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ខណៈដែលមានការទទួលស្គាល់នូវការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ លោកឧបនាយករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការ បានប្តេជ្ញាបញ្ចប់បេសកកម្មស្វែងរកការពិតនៃសហគមន៍សេដ្ឋកិច្ច អាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដូច្នេះប្រទេសសមាជិកអាស៊ានអាចចាប់ផ្តើមពិភាក្សាលើផែនទីចង្អុលផ្លូវ និងពេលវេលាសម្រាប់ទីម័រឡេស្តេ ដើម្បីចូលជាសមាជិកអាស៊ាន។
បន្ថែមពីនេះទៀត លោកឧបនាយករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការ ក៏បានឆ្លៀតឱកាសពិភាក្សាអំពីចក្ខុវិស័យក្រោយឆ្នាំ២០២៥ របស់សហគមន៍អាស៊ាន និងបានឯកភាពគ្នាឱ្យក្រុមការងារកម្រិតខ្ពស់ ដោយមានការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន ធ្វើការពិភាក្សាអំពីធាតុស្នូល និងផ្លូវឆ្ពោះទៅមុខ។
លោកឧបនាយករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការ ក៏បានពិភាក្សាគ្នាយ៉ាងទំលំទូលាយអំពីស្ថានភាពនយោបាយនាពេលបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងផលប៉ះពាល់ទៅលើការងារនានារបស់អាស៊ាន។ លោកឧបនាយករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការ បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការបញ្ចប់អំពើហិង្សា និងការកសាងទំនុកចិត្ត និងភាពជឿជាក់ ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់អាចចូលរួមក្នុងកិច្ចសន្ទនាមួយប្រកបដោយបរិយាប័ន្ន សំដៅសម្រេចបាននូវសន្តិភាពយូរអង្វែង។
លោក ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានឆ្នាំ២០២២ ក៏បានគូសបញ្ជាក់អំពីអាទិភាពនានារបស់លោក រួមទាំងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខ ហើយជាការឆ្លើយតប លោក លឹម ចុក ហ៊ុយ បានសម្តែងការត្រៀមលក្ខណៈរួចរាល់របស់លេខាធិការដ្ឋានអាស៊ានដើម្បីគាំទ្រ ជាពិសេសការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការជំនួយជាទីបំផុត។
ជាទីបញ្ចប់ លោកឧបនាយករដ្ឋមន្រ្តី និងលោកអគ្គលេខាធិការ ក៏បានពិភាក្សាអំពី តួនាទីដ៏សំខាន់នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) ក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានប្រទេសជាច្រើនកំពុងស្នើសុំក្លាយជាដៃគូសន្ទនា ដៃគូតាមវិស័យ និងដៃគូអភិវឌ្ឍន៍របស់អាស៊ាន ផងដែរ។ ចំពោះដំណើរឆ្ពោះទៅមុខ អាស៊ាននឹងបន្តពង្រឹងសមត្ថភាព និងសមត្ថលទ្ធភាពរបស់ខ្លួន ដើម្បីអាចចូលរួមចំណែកប្រកបដោយប្រសិទ្ធភាព ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ដៃគូខ្លួន សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
លោក ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងរាល់ការគាំទ្រនានាដែលផ្តល់ដោយលេខាធិការដ្ឋានអាស៊ាន ចាប់តាំងពីការចាប់ផ្តើមនៃអាណត្តិប្រធានអាស៊ានរបស់កម្ពុជា។ លោក លឹម ចុក ហ៊ុយ បានអះអាងជាថ្មីនូវការត្រៀមខ្លួន និងការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីធ្វើឱ្យភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ នេះ ទទួលបានជោគជ័យត្រចេះត្រចង់៕