(ភ្នំពេញ)៖ គណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញលិខិតមួយ បដិសេធទាំងស្រុងនូវការលើកឡើងរបស់ លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ដែលលើកថា គណបក្សកម្លាំងប្រជាធិបតេយ្យ បានចងសម្ព័ន្ធជាមួយគណបក្សចំនួន៥ ផ្សេងទៀត និងត្រៀមច្របាច់បញ្ចូលគ្នា។
ការចេញមុខបដិសេធនេះ បានធ្វើឡើងបន្ទាប់ពី លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ (RFI) ផ្នែកខេមរភាសា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ថា មានគណបក្សនយោបាយចំនួន៦ ក្នុងនោះមានទាំងគណបក្សកម្លាំងប្រជាធិបតេយ្យ បានចងសម្ព័ន្ធភាពនឹងគ្នា និងត្រៀមច្របាច់បញ្ចូលគ្នា នៅមុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះ។
តាមរយៈលិខិតមួយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺគណបក្សកម្លាំងប្រជាធិបតេយ្យ បានបញ្ជាក់ដូច្នេះថា៖ «យោងទៅលើខ្លឹមសារ និងអត្ថន័យនៅក្នុងការចុះផ្សាយជាសាធារណៈ និងការលើកឡើងរបស់ លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ពុំមានការពិតនោះឡើយ។ គណបក្យកម្លាំងប្រជាធិតេយ្យ ពុំដែលមានទំនាក់ទំនង ឬបញ្ចូនថ្នាក់ដឹកនាំរបស់គណបក្សទៅចូលរួមប្រជុំ ដើម្បីស្វែងយល់ពីការចងសម្ព័ន្ធភាពនឹងគ្នានោះទេ»។
លិខិតដែលចេញដោយ លោក អ៊ុន វិសិដ្ឋគុន បានបញ្ជាក់បន្ថែមថា «ទស្សនវិស័យចំពោះការកេងចំណេញប្រជាប្រិយភាពនយោបាយបែបនេះ គណបក្សកម្លាំងប្រជាធិតេយ្យ សូមធ្វើការបដិសេធទាំងស្រុង និងមិនទទួលស្គាល់ចំពោះខ្លឹមសារដែលបានចុះផ្សាយដោយគ្មានការពិត។ ដូច្នេះសូម សាធារណជន ព្រមទាំងសមាជិកសមាជិកានៅតាមបណ្តា រាជធានី ខេត្ត ជ្រាបជាព័ត៌មាន»៕