(រតនគិរី)៖ លោក ឃឹម រមនី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី, លោក ម៉ែ វាសនា អភិបាលរងស្រុកកូនមុំ, លោក ថោ ប៊ុនថេត ប្រធានការិល័យភូមិបាលស្រុក និងលោកមេឃុំតាអង បានចុះណែនាំម្ចាស់ដីមានឈ្មោះ ឃុន សុវណ្ណរា ម្ចាស់ការ៉ាស់សាំង PTT នៅក្រុងបានលុង ដែលបានធ្វើរបងសំណង់រឹងលើចិញ្ចើមផ្លូវជាតិលេខ៧៦ ប្រវែងប្រហែល២០០ម៉ែត្រត្រង់ចំណុចក្បែរបន្ទាយទាហាន ស្ថិតក្នុងភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

លោក ឃឹម រមនី បានថ្លែងថា នៅពេលលោកចុះមើលកន្លែងធ្វើរបងសំណង់រឹងថាម្ចាស់សំណង់ខាងលើសង់រំលោភចំណីផ្លូវជាតិ (ខុសច្បាប់) គឺខាងជំនាញឱ្យម្ចាស់ដីវ៉ៃរបងចោលដោយស្ម័គ្រចិត្ត។

លោកបន្តថា ម្ចាស់ដីហ្នឹងគាត់កាយដីខូចប្រព័ន្ធលូខុសបច្ចេកទេសគ្មានការសុំការអនុញ្ញាតពីខាងមន្ទីរពោល គឺសំណង់ដែលអាចធ្វើបានត្រូវមានចម្ងាយប្រវែង២៥ម៉ែត្រ ពីទ្រូងផ្លូវជាតិ។

លោកបញ្ជាក់ថា វិធានការលើកទី១ គឺឱ្យម្ចាស់ដីធ្វើរបងសំណង់រឹងសាងសង់លើចិញ្ចើមផ្លូវជាតិរុះរើដោយស្ម័គ្រចិត្តតែបើនៅតែចចេសរឹងរូសមិនអនុវត្តតាម គឺមានតែវិធានការផ្លូវច្បាប់។

ដោយឡែកលោក ថោ ប៊ុនថេត ប្រធានការិយាល័យភូមិបាលស្រុកកូនមុំ បានឱ្យដឹងថា ម្ចាស់សំណង់ហ្នឹងសុំច្បាប់ធ្វើខុសកន្លែង គឺធ្វើលើអូរធម្មជាតិតែម្តង ដែលច្បាប់អនុញ្ញាតឱ្យសាងសង់មានចម្ងាយពីមាត់អូរ៧,៥ម៉ែត្រ គឺសង់ខុសច្បាប់ ប៉ុន្តែលោកថារឿងវ៉ៃសំណង់ចោល ឬមិនវ៉ៃនោះលោកមិនទាន់ដឹងនៅឡើយទេគ្រាន់តែធ្វើរបាយការណ៍ជូនលោកអភិបាលស្រុកកូនមុំ ប៉ុណ្ណោះ៕