(ក្រចេះ)៖ ថ្ងៃបុណ្យមាឃបូជា នាថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង នាំយកទេយ្យទានទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តបុសលាវ ហៅវត្តបុស្សមាលី ឋិតនៅ ក្នុង ឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីបួងសួងសូមឱ្យវត្ថុស័ក្កិសិទ្ធិទាំងពួងក្នុងលោក តាមជួយថែរក្សាទំនុកបម្រុងចម្រុងចម្រើន ដល់មន្ត្រីរាជការនៃក្រសួង សាធារណការ និងដឹកជញ្ជូន ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងសូមជួយថែរក្សាប្រទេសជាតិឱ្យមានសុខសន្តិភាព និងជៀសផុតពីការឆ្លង មេរោគកូវីដ-១៩។

សូមបញ្ជាក់ដែរដា បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។

គោលការណ៍ទាំងនេះ មានឈ្មោះជា ភាសាបាលីថា «ឱវាទបាដិមោក្ខ»។ បាដិមោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជាសិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុសូត្រ ក្នុងទីប្រជុំសង្ឃរាល់កន្លះខែ៖ ឧទាហរណ៍រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សា ឲ្យយល់ដឹង និងអនុវត្ត។

ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខ ដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ ក្នុងព្រះពុទ្ធសាសនា ក្នុងថ្ងៃនោះមានហេតុការណ៍សំខាន់៤យ៉ាងកើតឡើងគឺ៖

១៖ ព្រះសង្ឃសមណៈទូត ១,២៥០អង្គដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយ គោលធម៌បានវិលត្រឡប់ មកចូលគាល់ ព្រះអង្គវិញយ៉ាង ព្រមព្រៀងគ្នា (សព្វេ ខីណាសវា)។

២៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួស ឲ្យដោយផ្ទាល់ដែល ហៅថា ឯហិភិក្ខុឧបសម្បទា(សព្វេ ឯហិភិក្ខុកា) ។

៣៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គឺ សម្តែងឫទ្ធិបាន,ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នកដទៃ, បានរលឹកជាតិបាន និងអស់អាសវៈមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ដោយមិនបាន ណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា) ។

៤៖ ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះ ត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។

ថ្ងៃមាឃបូជាចាត់ជាគ្រឿងពិសោធ និងវាស់វែងគុណភាពនៃពុទ្ធសាសនិកជន ឲ្យឃើញថាបុគ្គលណាជាពុទ្ធសាសនិកជនសកម្ម ឬ អសកម្មនៅថ្ងៃនេះឯង ប្រៀបដូចជាកញ្ចក់ឆ្លុះបំភ្លឺមុខដូច្នោះ។ ព្រោះហេតុនោះ បើបានឋានៈជាពុទ្ធសាសនិកជន ហើយមិនត្រូវវ្ហោះវ្ហើយកន្តើយ នឹងកាតព្វកិច្ចរបស់ខ្លួននោះទេ ត្រូវព្យាយាមលើកស្ទួយឋានៈពុទ្ធសាសនិកជនរបស់ខ្លួនឲ្យ សកម្មឡើងការធ្វើដំណើរទៅកាន់វត្ត ឬ មណ្ឌលពុទ្ធសាសនាមិនមែនជាការងារធ្ងន់ធ្ងរឡើយ។ ផ្ទុយទៅវិញ ជាការជួយលើកស្ទួយគុណភាពជីវិតផ្នែកចិត្ត វិញ្ញាណរបស់ខ្លួនឲ្យប្រសើរឡើង តាមគោលការណ៍ចំណុចទី២ថា ធ្វើអំពើល្អឲ្យដល់ព្រម ពោលគឺបណ្តុះចិត្តឲ្យស្ថិតក្នុងបុណ្យកុសលនោះឯង។

សង្ឃឹមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះ ពីថៃ្ងមាឃបូជានេះ អញ្ជើញនាំគ្នាធ្វើបុណ្យទាន រក្សាសីល និងសមាធិសម្អាតចិត្ត របស់ខ្លួន ក្នុងថៃ្ងនេះ ដើម្បីបូជា និងរំលឹកចំពោះគុណ ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើតព្រះពុទ្ធសាសនា សម្រាប់ជាមាគ៌ា‌ជីវិតដល់ ពួកយើងទាំងអស់គ្នា៕