(ភ្នំពេញ)៖ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ត្រូវបានបិទបញ្ចប់ហើយ។
កិច្ចប្រជុំដែលមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ បានផ្តោតសំខាន់លើការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ-១៩។ នេះបើតាមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន។
លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលយើងបានជជែកគ្នានោះ មានការងារច្រើនដែរ ខ្ញុំគិតថា អ្វីដែលរដ្ឋមន្ត្រីការបរទេសបានផ្តោតជាសំខាន់ លើគេបង្អស់គឺ ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ-១៩។ នេះជាចំណុចសំខាន់ ដោយហេតុនេះហើយ រដ្ឋមន្ត្រីការបរទេសបានលើកឡើងច្រើន អំពីភាពចាំបាច់នៅក្នុងការជំរុញ ការអនុវត្តក្របខណ្ឌស្តារឡើងវិញ ខាងផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន ហើយមានការលើកឡើងអំពីការជំរុញ ធ្វើយ៉ាងម៉េចឲ្យបើកការចរាចរណ៍ផ្ទៃក្នុងអាស៊ាន គឺក្របខណ្ឌនៃការរៀបចំការធ្វើដំណើរឡើងវិញនៅក្នុងផ្ទៃក្នុងរបស់អាស៊ាន។ នេះគឺដើម្បីជំរុញធ្វើយ៉ាងណា ឲ្យសេដ្ឋកិច្ចរស់ឡើងវិញ»។
បើតាមប្រមុខការទូតកម្ពុជា បានបន្ថែមថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានផ្តោតលើការជំរុញការអនុវត្តស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងក្របខណ្ឌអាស៊ាន, ការពង្រឹងសមត្ថភាពស្ថាប័នអាស៊ាន, ការធ្វើទំនាក់ទំនងជាមួយដៃគូខាងក្រៅ, ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងពិភាក្សាច្រើនផងដែរអំពីបញ្ហាមីយ៉ាន់ម៉ា។
កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ មានប្រទេសសមាជិកអាស៊ាន ចំនួន ៦ បានចូលរួមដោយផ្ទាល់ និង៣ប្រទេស គឺប្រទេសថៃ និងប្រ៊ុយណេ បានចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញ។ ដំបូងឡើយ រដ្ឋមន្ត្រីការបរទេសវៀតណាម ក៏ចង់ចូលរួមដោយផ្ទាល់ដែរ ប៉ុន្តែពេលមកដល់កម្ពុជា លោកត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ ហេតុនេះហើយ ទើបលោកត្រូវចូលរួមតាមប្រព័ន្ធអនឡាញវិញ។
សម្រាប់មីយ៉ាន់ម៉ា គឺមិនបានចាត់តំណាងឲ្យចូលរួមឡើយ ប៉ុន្តែបានចូលស្តាប់តាមតំណរភ្ជាប់ (Link) អំពីកិច្ចប្រជុំ។ នេះបើតាមប្រមុខការទូតកម្ពុជា។
កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលដឹកនាំដោយ លោក ប្រាក់ សុខុន បានពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេល ថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្រ្ត ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់ តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព៕