(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យមានការវិនិយោគកាន់ច្រើនលើការអភិវឌ្ឍជំនាញ មុខរបរ និងការងាររបស់យុវជន ហើយការវិនិយោគនេះទៀតសោត ក៏តម្រូវឱ្យមានការយកចិត្តទុកដាក់លើគុណភាព និងបរិមាណការងារ ដើម្បីជំរុញការអភិវឌ្ឍសង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត។
ការជំរុញបែបនេះរបស់លោករដ្ឋមន្ត្រី អ៉ិត សំហេង ធ្វើឡើងក្នុងឱកាសបើកវេទិកាដៃគូស្តីពីជំនាញ និងអនាគតនៃការងារ ដែលត្រូវបានរៀបចំឡើងដោយអង្គការអន្តរជាតិខាងការងារ (ILO) សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើតាមរយៈប្រព័ន្ធវីដេអូអនឡាញ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងតំណាងកម្មករនិយោជិត និងនិយោជក និងដៃគូអភិវឌ្ឍន៍ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធីសាស្រ្តល្អៗ ពាក់ព័ន្ធនឹងការបង្កើតប្រព័ន្ធបណ្តុះបណ្តាលជំនាញ និងប្រព័ន្ធរៀនសូត្រពេញមួយជីវិត។ កិច្ចពិភាក្សានេះដែរនឹងជាធាតុចូលដ៏សំខាន់សម្រាប់ដំណើរការកសាងអនាគតការងារនៅកម្ពុជាប្រកបដោយគុណភាព និងចីរភាព ស្របទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់ថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត»។
កម្មវិធីនេះត្រូវបានស្ថាបនាឱ្យចេញជារូបរាងតាមរយៈភាពជាដៃគូដែលមានលក្ខណៈនវានុវត្តន៍ និងប្រសិទ្ធភាពទាំងក្នុងប្រទេស និងអន្តរជាតិ ដោយប្រើប្រាស់អភិក្រមចម្រុះដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា និងសមស្របទៅតាមបរិបទជាក់ស្តែង។ កម្មវិធីនេះគឺជាឱកាសដើម្បីឱ្យយុវជនទាំងអស់គ្នារួមកម្លាំងគ្នា និងពង្រីកវិសាលភាពនៃសកម្មភាព និងឥទ្ធិពល តាមរយៈអន្តរាគមនវានុវត្តន៍ដែលប្រកបដោយប្រសិទ្ធភាព និងផ្អែកលើភស្តុតាងជាក់ស្តែង។ វាក៏ផ្តល់នូវគំរូដ៏ល្អបំផុតសម្រាប់ការកសាងភាពជាដៃគូរួមគ្នារវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍វិស័យឯកជន និងអង្គការមិនរកប្រាក់ចំណេញ។
លោក អ៉ិត សំហេង គូសបញ្ជាក់ថា ការវិវត្តនៃបច្ចេកវិទ្យា និងសកលភាវូបនីយកម្ម ព្រមទាំងបម្រែបម្រួលប្រជាសាស្ត្រ និងអាកាសធាតុ គឺជានិន្នាការធំៗដែលកំពុងនាំមកនូវការផ្លាស់ប្តូរក្នុងពិភពនៃការងារ ហើយការណ៍នេះក៏ផ្តល់នូវកាលានុវត្តភាពថ្មីៗជាច្រើនផងដែរ។ ប៉ុន្តែការផ្លាស់ប្តូរទាំងនេះ ក៏នាំមកនូវបញ្ហាប្រឈមសម្រាប់ប្រជាជនក្នុងការទទួលបានការបង្កើនជំនាញ ក៏ដូចជាបង្កបញ្ហាប្រឈមដល់វិស័យឯកជនក្នុងការសម្របខ្លួនទៅតាមការផ្លាស់ប្តូរទាំងនេះ ប្រកបដោយនិរន្តរភាពផងដែរ។
ជាមួយគ្នានេះដែរ ក្រសួងបាននិងកំពុងជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ជាពិសេសយុទ្ធសាស្រ្តគន្លឹះទី២ «ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីកសាងបានកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុក និងក្នុងតំបន់។
គួរជម្រាបថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារ ក៏ដូចជាការឆ្លើយតបទៅនឹងការរីករាតត្បាតនៃជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញរួមមកហើយនូវគោលនយោបាយសំខាន់ៗមួយចំនួន ដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ និងគោលនយោបាយជាតិស្តីពីពលករទេសន្តប្រវេសន៍ ឆ្នាំ២០១៩-២០២៣ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕