(កំពង់ធំ)៖ ឆ្លើយតបទៅនឹងការគ្រប់គ្រងដីចំណីផ្លូវតាមដងផ្លូវជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងរដ្ឋបាលស្រុកស្ទោង បានរៀបចំសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយសាធារណៈដោយកំណត់យកក្នុងទីប្រជុំជនតាមដងផ្លូវជាតិលេខ៦ ក្នុងស្រុកស្ទោង។

លោក សាយ គឹមឡម ក្នុងនាមរដ្ឋបាលស្រុកស្ទោង សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ផ្លូវជាតិលេខ៦ ចាប់ពីច្រមុះជ្រូកសាលាស្រុកស្ទោង ភូមិសាមក្អោក ឃុំទ្រា ដល់ច្រមុះជ្រូក ភូមិមឈាយ សំព្រោជ។

លោកបានបន្តថា ដើម្បីបញ្ជៀសនូវការកស្ទះដោយសារភាពរញ៉េរញៃដែលបណ្តាលមកពីការសាងសង់ តសំយ៉ាប ដើម្បីដាក់លក់ទំនិញនៅតាមផ្ទះក៏ដូចជាការដាក់ស្លាកយីហោ និងមានទឹកដក់នៅតាមដងផ្លូវធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទើបរដ្ឋបាលស្រុកស្ទោង បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្ដាប់ធ្នាប់ឱ្យមានរបៀបរៀបរយសាធារណៈដោយកំណត់យកក្នុងទីប្រជុំជនតាមដងផ្លូវជាតិលេខ៦ ក្នុងស្រុកស្ទោង លេខ ០០៣/២២ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីថែរក្សាគុណភាពផ្លូវឱ្យជាប់បានយូរ និងកែលម្អសោភ័ណភាព ឱ្យមានភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកទស្សនា។

លោកក៏បានបញ្ជាក់ផងដែរថា សេចក្តីជូនដំណឹងនេះ និងបញ្ចប់នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ខាងមុខ។

លោក សាយ គឹមឡម បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាសហការ និងចូលរួមទាំងអស់គ្នា ជាពិសេសបងប្អូនដែល រស់នៅតាមដងផ្លូវជាតិ សូមជួយរុះរើសំយ៉ាប ឬស្លាកយីហើយសូមកុំចោលសំរាម ឬកាកសំណល់ផ្សេងៗ នៅលើដងផ្លូវ ឬនៅមាត់លូ ដែលជាហេតុឱ្យមានការរាំងស្ទះទឹក នៅពេលមានភ្លៀងធ្លាក់ និងចាក់ដីខ្ពស់ជាងផ្លូវ ដែលធ្វើឱ្យបាត់បង់នូវសណ្តាប់ធ្នាប់ទៀតផង។

ជាមួយគ្នានេះដែ រប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជនស្រុកស្ទោង ក៏បានសាទរចំពោះអាជ្ញាធរ និងរដ្ឋបាលស្រុកស្ទោងដែលបានខិតខំឱ្យស្រុកមានសណ្ដាប់ធ្នាប់ល្អ៕