(ព្រះសីហនុ)៖ ជនជាតិចិន៤នាក់ បានរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ត ដោយខ្លួនឯងមួយ នៅម៉ោង១៤៖៣០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១១-១១២ ស្ថិតក្នុងភូមិ​ស្ទឹងច្រាល​ ឃុំ​អូរបាក់រទេះ​ ស្រុក​កំពង់សិលា​​ ខេត្ត​ព្រះសីហនុ ខណៈដែលពួកគេកំពុងធ្វើដំណើរត្រឡប់មកពីលេងខេត្តព្រះសីហនុ។

នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើងដោយ រថយន្ដម៉ាក LEXUS ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ​ភ្នំពេញ ​2L-​5402 បើកបរត្រឡប់ពីខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុ​ ក៏បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​តែ​ម្ដង បណ្ដាលឱ្យជនជាតិចិន ជាអ្នករួមដំណើររងរបួសធ្ងន់២នាក់ និង២នាក់ទៀតរងរបួសស្រាល ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល​។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដត្រូវបានយកទៅ រក្សាទុកនៅអធិការ​ដ្ឋាន​នគរបាល ​ស្រុក​កំពង់សិលា ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី៕