(បាត់ដំបង)៖ រយៈពេលពេញ១ថ្ងៃ គឺថ្ងៃទី១ ខែឧសភា​ ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរង​នគរបាលជាតិ សមាជិកគណៈកម្មាធិការក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំអូរតាគី និងឃុំតាមឺុន ស្រុកថ្មគោល ខេត្តបាត់ដំបង បាននាំអំណោយជាថវិកា និងអង្ករសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំនួន១៣លាន៧សែន៥ម៉ឺនរៀល និងអង្ករជាង​១តោន​ជូននិវត្ត​ជន ពិការ គ្រួសារពលី ប្រមាណ៤៣នាក់និងស្រ្តីសម្រាលកូន អ្នកស្លាប់ ៥៨នាក់ ដែលអញ្ជើញមក​ពីបណ្តាភូមិនានា​ក្នុងឃុំអូរតាគី ឃុំតាម៉ឺន ក្នុងស្រុកថ្មគោល។

នាយឧត្តមសេនីយ៍ សួស អង្គារ៍ បាននាំជាថវិកាចំនួន១៣លាន ៧សែន៥ម៉ឺនរៀល និងអង្ករជាង​១តោនយកចែក​ជូនដល់ដៃនិវត្តជន ទាំងអស់​មាន៤៣នាក់ ក្នុងនោះមានអតីតជាគ្រូបង្រៀន បុគ្គលិកពេទ្យ មន្រ្តីរាជការកងកម្លាំងរាជអាវុធហត្ថ នគរបាល ពិកា គ្រួសារពលី ដែលមកពីបណ្តាភូមិនានាក្នុងឃុំតាម៉ឺន និងចែកមូលនិធិសម្តេចក្រឡាហោម ស ខេង ៥៨នាក់ ក្នុងឃុំតាម៉ឺន ឃុំអូរតាគីស្រុកថ្មគោល។

ក្នុងឱកាសនាំអំណោយចុះសាកសួរសុខទុក្ខនិវត្តជន ជូនជាថវិកា និងអង្ករ ក៏ដូចជាមូលនិធិសម្តេច មកចែក​ជូននាពេលនេះ លោក សួស អង្គារ៍ បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ទៅជម្រាប​ជូនពួកគាត់ថា មានតែរាជរដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជាដឹកនាំដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន។

លោក សួស អង្គារ៍ បានលើកឡើងថា ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និងស្ថានភាពជីវភាពរស់​នៅ របស់បងប្អូន​ប្រជាពលរដ្ឋ​ យើងជានិច្ចរហូតមក។ «នេះជាវប្បធម៌ចែករំលែក ដ៏ល្អ មួយរបស់ថ្នាក់ដឹកនាំកំពូល គឺនៅទីណាមានទុក្ខលំបាក គឺតែងមានមុខក្រុមការងារថ្នាក់​ជាតិ រង់ចាំជួយ​ប្រជាពលរដ្ឋ នៅ​តាមមូលដ្ឋានយើង​ជានិច្ច ដោយមិនប្រកាន់និន្នាការបក្សនយោបាយណាឡើយ»

ជាក់ស្តែងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ពិសេសខេត្តបាត់ដំបង កំពុងជួបការលំបាកគ្រោះធម្មជាតិរាំងស្ងួត ខ្វះទឹកប្រើប្រាស់តាមតំបន់ ដាច់ដោយកន្លែង ជាក់ស្តែងក្រុមការងារក៏បានចុះដល់មូលដ្ឋានដើម្បីដឹកទឹក យកទៅចែកជូនប្រជាពលរដ្ឋ​​ ភូមិព្រៃដាច់ឃុំអូរតាគី ជាច្រើនគ្រួសារផងដែរ។

ដោយឡែក នាយឧត្តមសេនីយ៍ បានធ្វើការផ្តាំផ្ញើដល់និវត្តជន ដែលបានអញ្ជើញមកនាពេលនេះថា កូនចៅជំនាន់ក្រោយតែងតែដឹងគុណជានិច្ច ដល់រៀមច្បងជំនាន់មុនដែលបានលះ​បង់ទាំងកម្លាំងកាយចិត្តធ្វើការ​ដោយលំបាក និងបានបន្សល់ទុកនូវស្នាដៃល្អនានាជាច្រើន ដល់កូនចៅជំនាន់ក្រោយធ្វើនិងរក្សាបន្ត និងបម្រើដល់ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន ព្រមទាំង​បានរក្សានូវសមិទ្ធិផល​ទាំងអស់ ដែលបាន​បន្សល់ទុកនូវ​ស្នា​ដៃចាស់ៗ​ ជំនាន់មុនឲ្យបាននៅគង់វង្សយូរអង្វែងតទៅ។

ស្រ្តីសម្រាលកូននិងគ្រួសារអ្នកស្លាប់និង និវត្តជនទាំងអស់ ដែលទទួលបានជាអំណោយថវិកា និងអង្ករពីសម្តេចក្រឡាហោម ស ខេង តាមរយៈលោក ប្រធានក្រុមការងារ ថ្នាក់ជាតិនិង​បានគោរពថ្លែងអំណរ គុណដល់ក្រុមការងារដែលចុះពង្រឹងមូលដ្ឋាន បានលះបង់ពេលវេលាដ៏មានតម្លៃ ព្រមទាំង ថវិកា និងសម្ភារៈចែកជូនដល់ពួកគាត់ដោយមិន ប្រកាន់និន្នាការបក្សនយោបាយ​ណាអ្វីឡើយ៕

លោកបានបញ្ជាក់ផងដែរថា អំណោយដែលបានចែកជូននាពេលនេះមានជាថវិកានិងអង្ករជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង បានចែកជូននិវត្តជនទាំង៤៣នាក់ ក្នុងម្នាក់ៗ ទទួលបាន​អង្ករ​៣០គីឡូក្រាមនិងថវិកា ៥​ម៉ឺនរៀល។ចំណែកស្រ្តីសម្រាលកូននិងគ្រួសារអ្នកស្លាប់ទាំង៥៨នាក់ ក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀល៕