(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដោយមានការអមដំណើរពីគណៈប្រតិភូ Infrastructure Asia (IA) ដឹកនាំដោយលោក Lavan Thiru នាយកប្រតិបត្តិ IA រួមជាមួយនឹងលេខាទីពីរស្ថានទូតផងដែរ។

ជំនួបពិភាក្សាការងារនេះមានគោលបំណងសំខាន់ពីរ៖ (១) ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាង IA និងក្រសួងសាធារណការ និងដឹកជញ្ជូន និង (២) រាយការណ៍ អំពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPLC) ជូនឯកឧត្ដមទេសរដ្ឋមន្ត្រី និងស្នើសុំអនុសាសន៍ណែនាំ បន្ថែមសំដៅឈានទៅអនុវត្តគម្រោងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ លោក Lavan Thiru នាយកប្រតិបត្តិ Infrastructure Asia (IA) បានជម្រាបជូនលោកទេសរដ្ឋមន្ត្រីថា ក្រុមហ៊ុន YCH និង PricewaterhouseCooper (PwC) កំពុងធ្វើការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPLC) ហើយកាលពីសប្តាហ៍កន្លងទៅ ក្រុមហ៊ុនទាំងពីរបានប្រមូលទិន្នន័យដើម្បីធ្វើការវិភាគ និងបានចុះទៅពិនិត្យទីតាំងទាំង ៣កន្លែងផងដែរ។

លោក Lavan Thiru បានបន្តថា ជារួមការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPLC)សម្រេចបានប្រមាណ៥០%ហើយ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីដាក់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យនិងសម្រេច។

ជាការឆ្លើយតបលោកទេសរដ្ឋមន្ត្រី ក៏បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃការសិក្សាសមិទ្ធិ លទ្ធភាពគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងរង់ចាំមើលលទ្ធផលនៃការសិក្សានេះនៅក្នុងខែមេសា ឆ្នាំ២០២២ ដើម្បីឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលនេះ តាមផែនការដែលបានគ្រោងទុកនៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២២។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការចូលរួមក្នុងភាព ជាដៃគូជាមួយក្រសួង ដើម្បីរៀបចំដាក់ឱ្យដំណើរការគម្រោង ប្រើប្រាស់យានយន្តដើរដោយថាមពល អគ្គិសនី ផែនការមេនៃគម្រោងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ ក៏ដូចជាគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បីចូលរួមចំណែកក្នុង ការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអំពី កិច្ចសហការរវាងក្រសួងជាមួយនឹងអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ដើម្បីដំឡើង ស្ថានីយសាកថ្ម EVs និងការបង្កើត Show Room សម្រាប់រថយន្ត EVs នៅក្នុងខែមីនា ឆ្នាំ២០២២ និងការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូន ផ្លូវគោកពេញលេញមួយក្នុងការជំរុញការប្រើប្រាស់រថយន្តដើរ ដោយថាមពលអគ្គិសនី (EV) ដើម្បីចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូន។

សូមជម្រាបជូនថា កិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH និងក្រុមហ៊ុន Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ត្រូវបានចុះហត្ថលេខាតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ តាមស្មារតីនៃកិច្ច ខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាលផងដែរ។

គួរកត់សម្គាល់ដែរថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភាកម្មភ្នំពេញនេះនឹងដើរតួនាទីយ៉ាងសំខាន់ និងចាំបាច់ក្នុងការជួយសម្រួលដល់ការងារ ដឹកជញ្ជូនទំនិញ ឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស និងរួមចំណែកក្នុងការជំរុញការធ្វើសមាហរណកម្មភស្តុភារកម្មរបស់កម្ពុជាទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ និងពិភពលោកផងដែរ។

ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបន្ថយល្បឿនគម្រោងនេះបន្តិចមែន ប៉ុន្តែវាមិនអាចបញ្ឈប់គម្រោង នេះទាំងស្រុងពីការសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលបានទេ ដោយហេតុថាPPLCគឺជាគម្រោងដឹកជញ្ជូនយុទ្ធសាស្ត្រ មានទីតាំងស្ថិតនៅចំចំណុចកណ្តាលប្រទេសកម្ពុជា អាចផ្តល់ការគាំទ្រដល់ បណ្តាញចែកចាយទំនិញ និងបណ្តាញតភ្ជាប់គ្រប់មធ្យោបាយដឹកជញ្ជូនដូចជា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស៕