(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានថ្លែងឲ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦នេះ មន្រ្តីអង្គការអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ទាំង៥នាក់ ត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញវិញហើយ ដើម្បីបន្តការសាកសួរ ដោយតំណាងអយ្យការ។

សូមជំរាបថា ពីម្សិលមិញក្រោយពីបានសាកសួរអស់ពេញមួយថ្ងៃ រហូតដល់ម៉ោង១៩៖៣០នាទី ព្រះរាជអាជ្ញា បានបញ្ជូនមន្រ្តីអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ទាំង៥នាក់ទៅកាន់ ACU វិញ និងបន្តសាកសួរនៅថ្ងៃទី០២ ខែឧសភានេះ។

មន្រ្តីអាដហុកទាំង៤រូបរួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែក​ស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការ គ.ជ.ប មួយរូប។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិតចំហរមួយ ដោយបានសរសេររៀប​រាប់អំពីរឿងរ៉ាវ​ ដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហា​ស៊ីជម្រៅជាមួយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដោយក្នុងនោះពាក់ព័ន្ធនឹងអ្នកទាំង៥ខាងលើនេះ និងអ្នកដទៃផងដែរ៕