(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសហការរៀបចំពិធីចុះហត្ថលេខា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។
ពិធីត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ ពិធីនេះក៏មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជាន់ខ្ពស់ដែលជាតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ សមាគមភស្តុភារកម្មកម្ពុជា តំណាងសហព័ន្ធដំឡូងមីស្ងួតកម្ពុជា តំណាងក្រុមហ៊ុនកែច្នៃម្សៅដំឡូងមី និងតំណាងស្ថាប័នហិរញ្ញវត្ថុឯកជនផងដែរ។
ក្នុងពិធីនោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បានបង្ហាញក្តីសោមនស្សរីករាយជាខ្លាំងដែលបានចូលរួមជាមួយ លោកអភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មរវាង អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំ ដែលដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន នឹងត្រូវនាំចេញទៅកាន់ប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។
លោករដ្ឋមន្ត្រី ក៏បានសំណូមពរលោកអភិបាលខេត្តក្វាងស៊ី ឱ្យបន្តគាំទ្រ និងសម្របសម្រួលដល់ការនាំចូលដំឡូងមីស្ងួតកម្ពុជាទៅកាន់តំបន់ស្វយ័តក្វាងស៊ី និងស្នើជំរុញបន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំអនុស្សរណៈយោគយល់គ្នាក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ី។
លោករដ្ឋមន្ត្រីបន្តថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលសុទ្ធតែបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ ជាក់ស្ដែងនៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនសម្រេចបាន ១១.១៩ពាន់លានដុល្លារអាមេរិក ជាមួយនឹងការកើនឡើងប្រមាណ ៣៨% បើធៀបនឹងឆ្នាំ២០២០។
លោកអភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បានអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។ លោកបន្តថា នៅក្នុងកិច្ចប្រជុំកំពូលពិសេសដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងការសន្ទនាអាស៊ាន-ចិន លោក ស៊ី ជីងពីង ប្រធានាធិបតីចិនបានប្រកាសថា ប្រទេសចិនមានទីផ្សារក្នុងស្រុកដ៏ធំដែលតែងតែបើកចំហជានិច្ចសម្រាប់បណ្តាប្រទេសអាស៊ាន។ ម្យ៉ាងទៀត ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលផលិតផលដែលមានគុណភាពកាន់តែច្រើនពីបណ្តាប្រទេសអាស៊ាន រួមទាំងការទិញផលិតផលកសិកម្មដែលមានតម្លៃដល់ទៅ ១៥០ពាន់លានដុល្លារអាមេរិក ហើយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងកិច្ចសន្យាទិញលក់ដំឡូងមីស្ងួតនៅថ្ងៃនេះ គឺជាសកម្មភាពជាក់ស្តែងមួយ ដើម្បីអនុវត្តសេចក្តីណែនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន។
លោកអភិបាលខេត្តបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមពិព័រណ៍ចិន-អាស៊ាន និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ានជាច្រើនលើកមកហើយ ដែលសកម្មភាពនេះបានជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្វាងស៊ី។ តួយ៉ាងក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងក្វាងស៊ី ឈានដល់ ១.០៥ពាន់លានយន់ កើនឡើង ៦៣,៨% មានសហគ្រាស និងអង្គភាពក្វាងស៊ីសរុបចំនួន៧១ ដែលបានវិនិយោគលើវិស័យមិនមែនហិរញ្ញវត្ថុនៅកម្ពុជា ជាមួយនឹងការវិនិយោគតាមកិច្ចសន្យាសរុបចំនួន ៨៩ពាន់លានដុល្លារអាមេរិក។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ក្នុងនាមជាច្រកនៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន តំបន់ស្វយ័តក្វាងស៊ីបានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា និងប្រទេសអាស៊ានដទៃទៀត ដោយទទួលបានលទ្ធផលជាផ្លែផ្កា។
សូមបញ្ជាក់ថា ពីធីការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកនេះ មានចំនួន៤រួមមាន៖
ទី១៖ អនុស្សរណៈស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងនាយកដ្ឋានពាណិជ្ជកម្មនៃតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។
ទី២៖ កិច្ចសន្យា ទិញលក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន Guangxi Rural Investment Group Agricultural Products Business Service Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd.។
ទី៣៖ អនុស្សរណៈយោគយល់គ្នា ស្តីពីពាណិជ្ជកម្មដំឡូងមីស្ងួតរវាងក្រុមហ៊ុន Guangxi Rural Investment Group Agricultural Products Business Service Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd.
ទី៤៖ អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការដំឡូងមីស្ងួតឆ្នាំ២០២២ ដោយក្រុមហ៊ុន Guangxi Rural Investment Group Co., Ltd. Yuhua Hongda (Cambodia) Agriculture Development Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd.៕