(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា ខេត្តកណ្តាល ខេត្តកែប និងរាជធានីភ្នំពេញ បានបញ្ចប់បញ្ហាជាតំបន់រងផលប៉ះពាល់ ដោយសារគ្រប់មីនប្រឆាំងមនុស្សមុនគេ។
លោក ហេង រតនា បញ្ជាក់ថា អង្គភាពស៊ីម៉ាក់ បានសំរេចភារកិច្ចក្នុងការបញ្ចប់កិច្ចប្រតិបតិ្តការ រំដោះផ្ទៃដីរងផលប៉ះពាល់ ដោយគ្រាប់មីនប្រឆាំងមនុស្ស ដែលបានដឹង និងមានកំណត់ត្រាពហុកោណក្នុងទិន្នន័យជាតិស្ថិតក្នុងខេត្តកែប ខេត្តកណ្តាល និងរាជធានីភ្នំពេញ បន្តបន្ទាប់ទាំងស្រុងហើយ។
ខេត្តកណ្តាលមានចំនួន៣ពហុកោណ (ចម្ការមីន) មានផ្ទៃដីចំនួន៦៤ហិកតា ខេត្តកែប មានចំនួន៨ពហុកោណ ស្មើនឹង៦៩.៨ហិកតា និងរាជធានីភ្នំពេញមានចំនួន១៤ពហុកោណស្មើនឹង១២៥.៧ ហិកតា។ ដូចនេះខេត្តទាំង២ គឺខេត្តកណ្តាល និងខេត្តកែប ព្រមទាំងរាជធានីភ្នំពេញ ជាខេត្ត/រាជធានីអស់តំបន់រងការគំរាមកំហែង ដោយសារគ្រាប់មីនប្រឆាំងមុនគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទិសដៅបន្តបន្ទាប់ គឺអង្គភាពស៊ីម៉ាក់ចល័តកំលាំងចូលទៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តតាកែវ ដែលជាគោលដៅបញ្ចប់បញ្ហាគ្រាប់មីនប្រឆាំងមនុស្ស ក្នុងឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា សំរាប់ខេត្តកែបអង្គភាពស៊ីម៉ាក់ បានទទួលជំនួយពីដៃគូតាមរយៈអាជ្ញាធរមីន អង្គការ NPA និងដោយឡែកខេត្តដទៃទៀត បានទទួលជំនួយពីរដ្ឋាភិបាលចិន។
ការប្រកាសថា ខេត្តគ្មានតំបន់គំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស ឬហៅថា «ខេត្តគ្មានគ្រាប់មីន» វាគ្មានន័យថា «ខេត្តទាំងនោះអស់បញ្ហាជាមួយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ»។
ការពិតអាចបន្តមានបញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមដទៃទៀត ដូចជាគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ និងសំណល់គ្រាប់មិនទាន់ផ្ទុះផេ្សងៗ ក្រៅពីគ្រាប់មីនប្រឆាំងមនុស្ស។
ដោយសារបញ្ហាគ្រាប់មីនប្រឆាំងមនុស្ស គឺស្ថិតនៅក្រោមអនុសញ្ញាអន្តរជាតិអូតាវ៉ា ដែលមានសមាជិកហត្ថលេខី ចំនួន១៦៤ប្រទេសក្នុងចំនួននេះ មានប្រទេសចំនួន១៣៣ជារដ្ឋសមាជិក ដោយបូករួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោក ហេង រតនា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋសមាជិកមួយសកម្ម បានប្តេជ្ញាអនុវត្តអនុសញ្ញានេះ យ៉ាងពេញលេញដោយអនុម័ន ផែនការយុទ្ធសាស្ត្រកម្ពុជា គ្មានគ្រាប់មីននៅចុងឆ្នាំ២០២៥។ ដូចនេះគោលដៅសំខាន់ គឺតំរង់ទិសសំរេចបញ្ហាគ្រាប់មីនប្រឆាំងមនុស្សមួយនេះ ឲ្យខានតែបានត្រឹមឆ្នាំ២០២៥។
ព្រះរាជាណាចក្រកម្ពុជា ទទួលរងគ្រោះដោយសារសង្គ្រាមរយៈពេលយូរ និងទំហំធ្ងន់ធ្ងរបំផុតលើពិភពលោក ដូចនេះសំណល់យុទ្ធភណ្ឌសង្គ្រាម ក៏មានទំហំធំធេងណាស់ដែរ។ ហេតុនេះមិនអាចដោះស្រាយទិដ្ឋភាពបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមគ្រប់ប្រភេទ បានត្រឹមឆ្នាំ២០២៥នោះទេ។
ផ្អែកតាមផែនការរបស់រាជរដ្ឋាភិបាលនេះ អង្គភាពស៊ីម៉ាក់ បានដាក់ចេញផែនការយុទ្ធសាស្ត្រ៤ឆ្នាំ (២០២២-២០២៥) រំដោះផ្ទៃដីរងផលប៉ះពាល់ ដោយសារគ្រាប់មីនប្រឆាំងមនុស្ស ដែលបានដឹង និងមានកំណត់ត្រាក្នុងទិន្នន័យជាតិ ចំនួនជាង៧០០គីឡូម៉ែត្រក្រឡា លើចំនួននៅសល់ប្រមាណ៨០០គីឡូម៉ែត្រក្រឡា គឺប្រមាណ៩០% នៃបញ្ហាគ្រាប់មីនដែលសល់។
លោកអគ្គនាយកស៉ីម៉ាក់បន្តថា «សូមចៀសវាងមានការយល់ច្រឡំថា ខេត្តគ្មានគ្រាប់មីន ជាខេត្តអស់បញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាមដទៃទៀតនោះ ខេត្តគ្មានគ្រាប់មីន ធាតុពិតខេត្តនោះ មិនទាន់អស់បញ្ហាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាមរតកពីសង្គ្រាមផ្សេងៗទៀត ដូចជាគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រប់មិនទាន់ផ្ទុះគ្រប់ប្រភេទ នៅឡើយទេ ដូចនេះសូមបន្តប្រុងប្រយ័ត្ន និងរួមគ្នាបន្តចាត់វិធានបោសសំអាតគ្រាប់មិនផ្ទុះទាំងនោះ ឲ្យអស់ពីព្រះរាជាណាចក្រនេះ»៕