(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងតាខ្មៅ ដល់ជ្រៃធំ (ព្រំដែនកម្ពុជា-វៀតណាម) គ្រោងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២នេះ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវជាតិលេខ២១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកសមាជិកាគណៈកម្មការត្រៀមរៀបចំ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះបានពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធីរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណូមពរ ក៏ដូចជាបញ្ហាមួយចំនួនដែលគណៈកម្មការ និងអនុគណៈកម្មការនីមួយៗបានជួបប្រទះអំឡុងពេលអនុវត្តការងារ។

លោករដ្ឋលេខាធិការប្រចាំការ បានណែនាំឱ្យសមាជិកគណៈកម្មការសម្រាប់រៀបចំពិធីសម្ពោធ ដែលចាត់តាំងដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលខ្លួនបានជួបប្រទះ ជាពិសេសអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនដូចមានចែងនៅក្នុងប្រកាសនេះឱ្យបានខ្ជាប់ខ្ជួន សំដៅធានាឱ្យពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវនេះបានប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក។

សូមជម្រាបថា ផ្លូវជាតិលេខ២១ មានប្រវែងសរុប ៦៣.៦គីឡូម៉ែត្រពីក្រុងតាខ្មៅដល់ជ្រៃធំ (ព្រំដែនកម្ពុជា-វៀតណាម) សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin E&C Co., Ltd. និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនអន្តរជាតិកូរ៉េ DASAN Consultants Co., Ltd.។

តាមរយៈកិច្ចខិតខំប្រឹងប្រែងពីសំណាក់លោកទេសរដ្ឋមន្ត្រី កំណាត់ផ្លូវនេះ ត្រូវបានគិតគូរយកចិត្តទុក ដាក់ខ្ពស់ចាប់តាំងពីការចាប់ផ្តើមសាងសង់រហូតដល់ការបញ្ចប់ការងារសាងសង់ជាស្ថាពរ ក្នុងនោះរួមមាន៖ ការចុះពិនិត្យតាមដានលក្ខណៈបច្ចេកទេសនៃការសាងសង់ ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ដោយផ្ទាល់ និងការដំឡើងជញ្ជីងថ្លឹងយានយន្តការពារការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ស្របតាមបរិបទនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដើម្បីថែរក្សាកំណាត់ផ្លូវនេះឱ្យបានរឹងមាំ មានអាយុកាលអាចប្រើប្រាស់បានយូរអង្វែង៕