(ភ្នំពេញ)៖ វៀតណាមបានសម្រេចបន្តផ្តល់កូតា ឱ្យកម្ពុជាក្នុងការចេញអង្ករចំនួន៣០ម៉ឺនតោន និងថ្នាំជក់៣ពាន់តោន ក្រោមការអនុគ្រោះពន្ធសូន្យ រយៈពេល២ឆ្នាំ។ នេះបើតាមការឱ្យដឹងពីលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ។
លោកបានឱ្យដឹងថា ជាទូទៅរៀងរាល់២ឆ្នាំម្តង វៀតណាមបានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ដើម្បីផ្តល់ការអនុគ្រោះពន្ធដល់ការនាំចេញអង្ករ និងថ្នាំជក់កម្ពុជា ក្នុងនាមជាប្រទេសជាប់របងគ្នា និងកាត់បន្ថយការប្រកួតប្រជែងរវាងឈ្នួញនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ត្រូវចុះហត្ថាលេខាកាលពីចុងឆ្នាំ២០២០ ដើម្បីផ្តល់ការអនុគ្រោះពន្ធនាំចេញសម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ ប៉ុន្តែដោយសារតែការរាតត្បាតជំងឺកូវីដ១៩ បានពន្យារពេលរហូតមកដល់ពេលនេះ។
លោកបានគូសបញ្ជាក់ថា «ចំពោះទំនិញអង្ករ និងទំនិញថ្នាំជក់នេះ ភាគីវៀតណាមក៏មានដូចយើងដែរ បានន័យថា គាត់មានផលិតអង្ករ ថ្នាំជក់សម្រាប់ការនាំចេញដូចយើងដែរ។ អីចឹងគាត់ជៀសវាងថា កុំឱ្យមានការប្រកួតប្រជែងខ្លាំងពេក រវាងឈ្មួញវិស័យឯកជននៃប្រទេសទាំងសងខាង។ ហេតុនេះ រៀងរាល់ឆ្នាំគាត់មានកិច្ចព្រមព្រៀងមួយកំណត់របៀបនេះ គឺអង្ករ៣០ម៉ឺនតោន និងថ្នាំជក់៣ពាន់តោន ដែលភាគីសងខាងត្រូវចេញប្រភពដើមទំនិញឱ្យគ្នាទៅវិញទៅមក»។
លោកបន្ថែមថា សម្រាប់អ្នកនាំចេញដែលចង់ទទួលបានការអនុគ្រោះពន្ធក្រោមលក្ខខណ្ឌនេះ ចាំបាច់ត្រូវមកសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ S ពីក្រសួងពាណិជ្ជកម្មកម្ពុជា។
រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានចុះហត្ថលេខាលើសារាចរមួយ ដោយកំណត់បទប្បញ្ញត្តិ ស្តីពីការនាំចូលអង្ករ និងស្លឹកថ្នាំជក់ស្ងួតដែលមានប្រភពមកពីកម្ពុជាសម្រាប់ ឆ្នាំ២០២១ និងឆ្នាំ២០២២។ សារាចរនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២តទៅ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មានវៀតណាម កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។
សម្រាប់ការនាំចេញស្លឹកថ្នាំជក់ស្ងួត អ្នកនាំចេញត្រូវបង្ហាញអាជ្ញាប័ណ្ណនាំចូលថ្នាំជក់ឆៅក្រោមការអនុគ្រោះពន្ធ ដែលចេញដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្របតាមក្រឹត្យចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ និងសារាចររបស់ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម វៀតណាម។
លោក ប៉ែន សុវិជាតិ បានឱ្យដឹងផងដែរ ក្រៅពីអង្ករ និងថ្នាំជក់ ក៏មានទំនិញពីកម្ពុជាជាច្រើនទៀតផងដែរ ដែលបានបាននាំចេញក្នុងអត្រាពន្ធសូន្យ ទៅប្រទេសវៀតណាម។
លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានជាយូរមកហើយ ដែលតែងតែធ្វើឡើងរយៈពេល២ឆ្នាំម្តង។
លោកថា «សម្រាប់កម្ពុជាយើង មិនដែលនាំចេញអង្ករចេញទៅវៀតណាមទេ មានតែនាំស្រូវចេញប៉ុណ្ណោះ ហើយពេលខ្វះខាតយើងបាននាំអង្ករពីវៀតណាមមកវិញ»៕