(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតផ្លូវការមួយ ប្រាប់ដល់រដ្ឋមន្ត្រីក្រសួងចំនួន៣ រួមមានក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ពីការឯកភាពរបស់រាជរដ្ឋាភិបាល ឲ្យបន្តរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ មកផ្គត់ផ្គង់មកប្រទេសកម្ពុជា ឲ្យបានឆាប់។ នេះបើតាមលិខិតទីស្តីការគណៈរដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមីនានេះ។
យន្តការការដេញថ្លៃនាំចូលជ្រូករស់នេះ ធ្វើឡើងដើម្បីការពារផលប្រយោជន៍ ទាំងអ្នកចិញ្ចឹមក្នុងស្រុកផង និងអ្នកប្រើប្រាស់ ដែលជាអ្នកហូបសាច់ជ្រូកប្រចាំថ្ងៃផងដែរ។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលឯកភាព បន្តរៀបចំកិច្ចប្រជុំអន្តរក្រសួងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ឲ្យបានឆាប់ ដើម្បីពិនិត្យ និងពិភាក្សាអំពីការបន្តរៀបចំយន្តការដេញថ្លៃនាំចូលជ្រូក រស់ផ្គត់ផ្គង់មកប្រទេសកម្ពុជា»។
ជុំវិញតម្លៃសាច់ជ្រូកឡើងថ្លៃខ្ពស់នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារក្រសួងមហាផ្ទៃ បានស្តីបន្ទោសខ្លាំងទៅកាន់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាជារដ្ឋមន្ត្រីដែលធ្វើការងារមិនចេះសហការជាមួយក្រសួង-ស្ថាប័នដទៃ ពិសេសករណីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញឲ្យចូលរួមប្រជុំរៀបចំនីតិវិធីដាក់ដេញថ្លៃនាំចូលជ្រូករស់ តែក្រសួងកសិកម្មបែរជាមិនចូលរួម។
ជុំវិញបញ្ហាសាច់ជ្រូកឡើងថ្លៃ និងការរៀបចំយន្តការដាក់ដេញថ្លៃនាំចូលជ្រូករស់ មកផ្គត់ផ្គង់តម្រូវការក្នុងស្រុក, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានចារឲ្យក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការងារនេះឲ្យបានឆាប់ ដើម្បីជួយដល់អ្នកចិញ្ចឹមផង និងជួយដល់អ្នកហូបផងដែរ ទប់ស្កាត់អតិផរណា។
សម្តេចតេជោ ហ៊ុន សែន បានស្តីឲ្យរដ្ឋមន្ត្រីកសិកម្មខ្លាំងថា «គេហៅលោកឯងទៅប្រជុំ លោកឯង មិនព្រមទៅ ខ្ញុំបានមើលឃើញសំបុត្រតគ្នាទៅវិញទៅមក មើលលោកឯងចេះសហការបន្តិចមើល! ចំពោះមុខមានគណៈកម្មការគោលនយោបាយ និងហិរញ្ញវត្ថុមួយហើយ មិនមែនលោកឯងដឹកនាំក្រសួងកសិកម្មមួយ ហើយត្រួតត្រាសេដ្ឋកិច្ចខ្មែរទាំងមូលឯណា? ថ្ងៃមុនខ្ញុំក្តៅស្លឹកត្រចៀក ឲ្យធ្វើយូរហើយមិនព្រមធ្វើ ឲ្យជួបប្រជុំគ្នាបង្កើតគណៈកម្មការដេញថ្លៃ សម្រាប់គ្រប់គ្រងការនាំចូល។ លោកឯងនិយាយពី ១០០% តែ១០០% នាំឲ្យសាច់ជ្រូកឡើងថ្លៃ លោកដោះស្រាយយ៉ាងម៉េច? ខ្ញុំស្គាល់លោកឯងជាងអីទៀត របៀបធ្វើការឯកឧត្តម ប្រហែលជារបៀបជិះសេះមើលផ្កា [...] ត្រឹមតែ២៤ម៉ោងទេ ខ្ញុំដករដ្ឋមន្រ្តីមួយបានហើយ។ ខ្ញុំនៅទីនេះ ខ្ញុំគ្រប់គ្រងស្ថានការណ៍មុន (វេង សាខុន) ខុនឯង តើខ្ញុំមិនដឹងឬយ៉ាងម៉េច?»។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅរដ្ឋមន្ត្រីកសិកម្មថា កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ជាសមាជិកតំបន់ពាណិជ្ជកម្មសេរីអាស្តា ជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចិន ជាសមាជិកកិច្ចព្រមព្រៀងជ្រុងជ្រោយអាសិប ដូច្នេះកម្ពុជាមិនអាចយកវិធានការដាច់ដោយឡែក គឺបិទការទំនិញចេញនាំចូលបាននោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធបញ្ហាសាច់ជ្រូកនេះ មិនអាចធ្វើតម្រូវតែចិត្តអ្នកចិញ្ចឹមតែប៉ុន្មាននាក់នោះទេ គឺត្រូវគ្រប់គ្រងអតិផរណាតម្លៃលើទីផ្សារផងដែរ។
សូមជម្រាបថា ដើម្បីការពារទាំងអ្នកចិញ្ចឹម និងអ្នកប្រើប្រាស់ដែលជាអ្នកហូបសាច់ជ្រូកប្រចាំថ្ងៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគំនិតផ្ដួចផ្ដើមរៀបចំយន្តការដេញថ្លៃ នាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា។
ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជានេះ នឹងត្រូវបានយកមកអនុវត្ត ក្នុងករណីដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ។ ជាគោលការណ៍រាជរដ្ឋាភិបាល តែងតែលើកទឹកចិត្តអ្នកចិញ្ចឹមក្នុងស្រុក ឱ្យមានលទ្ធភាពផ្គត់ផ្គង់ជ្រូកឱ្យបានគ្រប់គ្រាន់ ជាមួយនឹងកម្រិតថ្លៃសមរម្យ ដោយមិនចាំបាច់មានការនាំចូល។
ការបង្កើតយន្តការដាក់ដេញថ្លៃនេះ ត្រូវបានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយអ្នកជំនាញឯករាជ្យ បានសិក្សាយ៉ាងលម្អិត និងស៉ីជម្រៅជុំវិញវិញភាពមិនប្រក្រតីនៃតម្លៃសាច់ជ្រូករស់ និងតម្លៃសាច់ជ្រូកលើទីផ្សារ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕