(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនរួចជាស្រេចដើម្បីឱ្យដំណើរកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ានលើកទី១៩ ក្រោមមូលបទ «សាមគ្គី ដើម្បីសេចក្តីសុខប្រកបដោយភាពសុខដុម» និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឱ្យទទួលបានភាពជោគជ័យ។
ក្នុងឱកាសបានបើកកិច្ចប្រជុំត្រួតពិនិត្យលើចំណុចខ្វះខាត នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា សម្រាប់កិច្ចប្រជុំរបស់អង្គភាពចំណុះក្រសួងការពារជាតិ មានច្រើនប្រធានបទ ប៉ុន្តែ សម្រាប់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ គឺទទួលខុសត្រូវ ៣ផ្នែករួមមាន៖ ទី១៖ កិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពអាស៊ាន (ACDFM) លើកទី១៩ ឆ្នាំ២០២២, ទី២៖ កិច្ចប្រជុំចារកម្ម យោធាអាស៊ាន (AMIN) លេីកទី១៩ និងទី៣៖ កិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ាន (AMOM) លេីកទី១២ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ក្រសួងការពារជាតិ បានបង្កើតអនុគណៈកម្មការមួយដើម្បីទទួលខុសត្រូវដឹកនាំកិច្ចប្រជុំថ្នាក់អគ្គមេបញ្ជាការអាស៊ាន ដែលមានលោកជាប្រធាន (នាយឧត្តមសេនីយ៍ ឥត សារ៉ាត់) ព្រមទាំងមានអនុប្រធាន សមាជិក ដែលមកពីបណ្តាអង្គភាពចំណុះអគ្គមេបញ្ជាការមួយចំនួន ដើម្បីទទួលខុសត្រូវលើកភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនជាដើម។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ានលើកទី១៩ ដែលកម្ពុជាធ្វើជាម្ចាស់ គឺបង្ហាញពីមោទនភាពរបស់ជាតិ កងយោធពលខេមរភូមិន្ទ និងជាប្រវត្តិសាស្ត្ររបស់ជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសនាដំណាក់កាលពិភពលោកកំពុងតែរាតត្បាតនៃជំងឺកូវីដ១៩ ដែលបង្ហាញឱ្យអន្តរជាតិមើលឃើញថាកម្ពុជា មានលទ្ធគ្រប់គ្រាន់ក្នុងទប់ស្កាត់ជំងឺឆ្លងជាសកលនេះ។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា ព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តនេះ ផ្តល់ឱកាសសម្រាប់ក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ក្នុងការបង្ហាញកិត្យានុភាព និងសមត្ថភាពនៃការត្រួសត្រាយផ្លូវ ដើម្បីរក្សាបាននូវឯកភាព សាមគ្គីភាព ភាពធន់ និងមជ្ឈភាពអាស៊ាន ជាដើម។
សូមជម្រាបថា ខ្លឹមសារកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាប្រធានរួមមាន៖ មូលបទអាទិភាព ពិនិត្យមើលឯកសារ ទស្សនៈទាន, ឯកសារពិភាក្សា និងតារាងប្រតិទិន សម្រាប់ការប្រុងប្រៀប កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ដែលគ្រោងនឹងប្រារព្ធធ្វើទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធាននេះ នឹងជ្រើសរើសយកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន៕