(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការ តំណាងទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីទ្រឹស្ដី Six Sigma ដោយមានការចូលរួមពីសិក្ខាកាមដែលជាថ្នាក់ដឹកនាំក្រសួងចាប់ពីប្រធាន នាយកដ្ឋានរហូតដល់ថ្នាក់រដ្ឋលេខាធិការសរុបចំនួន ១៧០រូប។

វគ្គបណ្តុះបណ្តាល ដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង គឺមានសិក្ខាកាម ដូចជា រដ្ឋលេខាធិការចំនួន២៧រូប អនុរដ្ឋលេខាធិការចំនួន២៦រូប អគ្គនាយក ចំនួន១០រូប អគ្គនាយករងចំនួន ៣៩ រូប ប្រធាននាយកដ្ឋានចំនួន ៤៣រូប និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនចំនួន២៥នាក់។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនក្នុងគោល បំណងពង្រឹងប្រសិទ្ធភាពលើការងារដឹកនាំគ្រប់គ្រងស្ថាប័ន/អង្គភាព បង្កើនសមត្ថភាពលើការងារដឹកនាំនិងគ្រប់គ្រងស្ថាប័ន បង្កើនប្រាក់ចំណូល និងប្រាក់ចំណេញ កាត់បន្ថយពេលវេលា និងកាត់បន្ថយ ការចំណាយ និងបង្កើនជំនាញដោះស្រាយបញ្ហារបស់មន្ត្រីនៅតាមអង្គភាពនីមួយៗឱ្យកាន់តែប្រសើរឡើង ដោយមានការចូលរួមជាគ្រូបង្គោល ពីលោក រស់ វណ្ណា។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ លោកនាយកវិទ្យាស្ថាន ហឿន សំនៀង បានគូសបញ្ជាក់ពីលទ្ធផល រំពឹងទុកក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ពោលគឺ សិក្ខាកាមនឹងយល់ដឹងពីរបៀបនៃការបំពេញការងារតាមរបៀបទស្សនវិជ្ជា Six Sigma មានការផ្លាស់ប្តូរផ្នត់គំនិតនិងឥរិយាបទក្នុងការបំពេញការងារ ឱ្យបានល្អប្រសើរ រកឃើញឬសគល់នៃបញ្ហា ចំណុចខ្វះខាត និងនីតិវិធីការងារដែលមិនសូវមាន គុណភាពនិងចំណាយពេលវេលា និងធនធានច្រើនដែលមិនចាំបាច់ ហើយមិនបំពេញចិត្តសេចក្តីត្រូវការរបស់អតិថិជនដែលមកទទួលសេវា បង្កើតនីតិវិធីរបៀបរបបការងារ និងមានលទ្ធភាពកែលម្អ ចំណុចខ្វះខាត អនុវត្ដការងារឱ្យកាន់តែប្រសើរ និងកាត់បន្ថយវដ្តនៃនីតិវិធីការងារជាដើម។

ថ្លែងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលនាឱកាសនោះ លោក រស់ វណ្ណា បានគូសបញ្ជាក់ពីសារសំខាន់នៃការគាំទ្រ និងការប្តេជ្ញាចិត្តខ្ពស់ពីថ្នាក់ដឹកនាំ ជាពិសេសការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់នៅក្នុងអង្គភាព/ស្ថាប័ន រាប់ចាប់តាំងពីមន្ត្រីថ្នាក់ក្រោមបំផុតរហូតទៅដល់ថ្នាក់ដឹកនាំអង្គភាព/ ស្ថាប័ននោះ ដើម្បីអនុវត្តទ្រឹស្តីទស្សនវិជ្ជា Six Sigma នេះ បានជោគជ័យ ក៏ដូចជាដើម្បីបញ្រ្ជៀបទ្រឹស្តីនេះ ឱ្យក្លាយជាវប្បធម៌មួយរបស់អង្គភាព/ស្ថាប័ននោះ។

ជាមួយគ្នានោះផងដែរ លោករដ្ឋលេខាធិការ បានសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ដើម្បីក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ពីកម្មវិធីនេះយកទៅ អនុវត្តនៅក្នុងអង្គភាពរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ និងបានបញ្ជាក់បន្ថែមថាលោកនឹងខិតខំប្រឹង ប្រែងធ្វើបទបង្ហាញ ពន្យល់ឱ្យបានក្បោះក្បាយអំពីទ្រឹស្តីសំខាន់ៗជូនដល់សិក្ខាកាមទាំងអស់ ដើម្បីឱ្យវគ្គបណ្តុះបណ្តាលនេះអាចសម្រេចបានជោគជ័យតាមការគ្រោងទុក។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ បែងចែកជា ៣ វគ្គ សម្រាប់ក្រុមគោលដៅផ្សេងៗគ្នាក្នុងនោះ៖ វគ្គទី១ រៀបចំសម្រាប់ថ្នាក់ដឹកនាំចាប់ពីប្រធានមន្ទីរ ប្រធាននាយកដ្ឋានដល់រដ្ឋលេខាធិការ វគ្គទី២ រៀបចំ សម្រាប់អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត និងវគ្គទី៣រៀបចំសម្រាប់ ថ្នាក់អនុប្រធាននាយកដ្ឋាន៕