(តាកែវ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានច្រានចោលការចោទប្រកាន់ពីសំណាក់ឈ្មួញមួយចំនួន ថាក្រុមមន្ត្រីចល័តរបស់ខ្លួនចុះចាប់ឡានដឹកលើសទម្ងន់ដោយអនុវត្តន៍ច្បាប់មិនស្មើរភាព ហើយមានការពាក់ព័ន្ធនឹងលុយថ្លៃបាយជាដើម ដោយថានេះជាចោទប្រកាន់ខុសការពិត។ ប៉ុន្តែស្នើឱ្យក្រុមឈ្មួញទាំងអស់ ត្រូវគោរពច្បាប់ផ្លូវថ្នល់ឱ្យបានជាដាច់ខាត ចៀសវាងមន្ត្រីចាប់ផាកពិន័យបើសិនរកឃើញថាដឹកលើសទម្ងន់កំណត់ដោយច្បាប់។

គួរជម្រាបថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ក្រុមមន្រ្តីជញ្ជីងចល័ត ដែលដឹកនាំដោយលោក គីម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយមន្រ្តីមន្ទីរសាធារណការខេត្តតាកែវ ចុះពិតនិត្យរថយន្តដឹកស្រូវចំនួន៣១គ្រឿង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ។ ក្នុងនោះរថយន្តចំនួន ២៦គ្រឿង ផ្ទុកលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ ដោយបានអនុញ្ញាតឱ្យបន្តដំណើរទៅមុខដោយឡែករថយន្តចំនួន ៥គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់ចន្លោះពី ១៣តោន ទៅដល់១៩តោន ក្នុងនោះចំនួន៤គ្រឿង ត្រូវឃាត់ទុកចំនួន១ឆ្នាំ ដោយអនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

បន្ថែមលើសពីនេះទៀតក្រុមការងារ ក៏បានអប់រំណែនាំដល់ម្ចាស់រថយន្តដែលបានដឹកលើសទម្ងន់ឱ្យយល់ដឹងអំពីនីតិវិធីនៃការផាកពិន័យលើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលមានចែងក្នុងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និងសំណូមពរដល់ម្ចាស់រថយន្តទាំងអស់បញ្ឈប់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់នេះបន្តទៀត ព្រោះការដឹកលើសទម្ងន់ជាមហន្តរាយដល់ផ្លូវថ្នល់ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះលោក គឹម សាន់ ក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឱ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឱ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងកាលពីពេលថ្មីៗនេះថា ក្រុមការងារនឹងចាត់ការតាមនីតិវិធីដោយគ្មានយោគយល់ខ្សែរនរណាឡើយ បើសិនរកឃើញថា រថយន្តដឹកទាំងឡាយណាហ៊ានដឹកលើសទម្ងន់។ សកម្មភាពនៃការចុះប្រតិបត្តិការនេះនឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេស ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឱ្យស្របតាមច្បាប់ ការពារមិនឱ្យមានជនខិលខូចបំផ្លិចបំផ្លាញផ្លូវតាមអំពើចិត្តឡើយ។

ជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរំលឹក និងអំពាវនាវដល់សមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ម្ចាស់ការដ្ឋានអាជីវកម្មកិនថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានជីកយកអាចម៌ដី ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យបានម៉ឹងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ទាំងអស់គ្នា។ ទន្ទឹមនឹងនេះ ក្រសួងនឹងនៅបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ។

គួរជម្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់ទុករថយន្តដឹកលើសទម្ងន់កំណត់ដោយច្បាប់បានចំនួន១៤៧ គ្រឿងហើយគិតមកដល់ថ្ងៃនេះ ក្រោយសម្ដេចតេជោ បានប្រកាសឱ្យមានការដោះលែងរថយន្តទាំងអស់កាលមុននោះ៕