(ព្រះវិហារ)៖ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ក្រុមការងារត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ បានចុះអនុវត្តការងារដោយត្រួតពិនិត្យយានយន្តបើកបរលើកំណាត់ផ្លូវជាតិលេខ៦២ ភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ចំនួន២៣៤គ្រឿង ក្នុងនោះរកឃើញត្រឹមត្រូវចំនួន១៧៥គ្រឿង ហើយ៥៩គ្រឿងទៀតមិនលក្ខណៈខុសបច្ចេកទេស។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ និងជាប្រធានលេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ «ដោយអនុវត្តន៍តាម ការណែនាំពីទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ តែងចុះត្រួត ពិនិត្យរថយន្តដែលបើកបរនៅតាមដងផ្លូវនានា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងទិសដៅទប់ស្កាត់ការដឹកសំពីងសំពោង ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងការដឹកលើសទម្ងន់ ដែលបង្កឱ្យផ្លូវឆាប់ខូច និងបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ»

ប្រធានមន្ទីរបានបញ្ជាក់ថា ក្នុងចំណោមរថយន្តចំនួន ២៣៤គ្រឿង ដែលក្រុមការងារបានធ្វើការត្រួតពិនិត្យគឺបានរកឃើញរថយន្តបានកាត់ទ្រុងចំនួន០៣គ្រឿង, ដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន១០គ្រឿង, ខ្វះឯកសារចំនួន ២៧គ្រឿង, ដោះរានតខាងក្រោយចំនួន ០៥គ្រឿង, ឯកសារបណ្ណបើកបរ និងផ្លាកលេខក្លែងក្លាយ ចំនួន០៦គ្រឿង និងបណ្ណបើកបរខុសប្រភេទយានចំនួន០៨នាក់។

ជាមួយគ្នានេះលោក សំ លាងទ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវបើកបរក្នុងពេលពិសាគ្រឿងស្រវឹង មិនត្រូវបើកបរវ៉ា ជែងទាំងប្រថុយប្រថាន ពិសេសមិនត្រូវកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស មិនត្រូវដឹកជញ្ជូនទំនិញសំពីងសំពោង និងលើសទម្ងន់កំណត់ជាដើម៕