(កំពង់ឆ្នាំង)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅសាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងសិស្សានុសិស្សចូលរួមជាច្រើននាក់។

លោកស្រី មឹន មាណវី បានលើកឡើងថា «ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានរបួស ពិការ ការបាត់បង់ជីវិត និងខូចខាតទ្រព្វសម្បត្តិលើដងផ្លូវ ថ្ងៃនេះយើងបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោក ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ក្នុងនាមគណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបើកបរដោយការប្រុងប្រយ័ត្ន ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក»

លោកស្រី ក៏បានទទូចឲ្យបងប្អូនដែលបានមកចូលរួមស្ដាប់ និងពិសេសសិស្សានុសិស្ស ដែលបានទទួលការអប់រំស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលនេះ ពេលត្រឡប់ទៅវិញ បន្តអប់រំណែនាំដល់បង ប្អូនមាតាបិតា និងក្រុមគ្រួសារឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលតែងកើតមានលើដងផ្លូវ។

លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ជាការពិតណាស់បច្ចុប្បន្ន វិស័យគមនាគមន៍ត្រូវបានរីកចម្រើនគ្រប់ទីកន្លែង ដោយឡែកខេត្តកំពង់ឆ្នាំងក៏បានរីកចម្រើនគួរកត់សម្គាល់ផងដែរ។ ប៉ុន្តែបើបានផ្លូវល្អ សូមបងប្អូនកុំភ្លេចគោរពច្បាប់ចរាចរណ៍ ដូចជា ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព, ពាក់មួកសុវត្ថិភាព, គោរពសិទ្ធិអតិភាព, គោរពសញ្ញាចរាចរណ៍, បើកបរត្រូវប្រកាន់ស្តាំ, ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមុនចេញដំណើរ, មិនត្រូវផ្ទុកលើសទម្ងន់កំណត់, មិនត្រូវបើកបរលើសល្បឿនកំណត់, មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក, មិនត្រូវបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនិងគ្រឿងញៀន, មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់សំឡេងជាដាច់ខាត និងសូមបើកបរក្នុងស្មារតីប្រុងប្រយ័ត្ន ប្រកបដោយសីលធម៌ យោគយល់និងអធ្យាស្រ័យគ្នាទៅវិញទៅមក។

ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ លោកអភិបាលរងខេត្ត សំណូមពរឲ្យអនុវត្តវិធានការលើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធណា ដែលមិនពាក់មួកសុវត្ថិភាព និងមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ ហើយត្រូវដាក់អវត្តមានចំណែកសិស្សានុសិស្សត្រូវអនុវត្តដូចគ្នានេះដែរ។

យោងតាមរបាយការណ៍របស់លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២១ និងរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន២៥ ករណីបណ្តាលឱ្យរបួសស្រាល៤៥នាក់ របួសធ្ងន់១៧នាក់ និងបង្ករឱ្យមានមនុស្សស្លាប់ចំនួន២៤ នាក់៕