(កំពង់ស្ពឺ)៖ ស្ពានអំពែភ្នំ ឬហៅថាស្ពានពាម ដែលមានប្រវែង៣៦ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានអញ្ជើញចាក់បេតុងកម្រាលស្ពាន ដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ។

នាព្រឹកថ្ងៃទី២៣ ខែមីនាឆ្នាំ២០២២ ដដែលនេះ លោកអភិបាលខេត្តក៏បានប្រកាសបើកការដ្ឋានជួសជុលផ្លូវចំនួន ០៥គម្រោង ដែលមានប្រវែងសរុបជិត ២០គីឡូម៉ែត្រ បន្ថែមជូនប្រជាពលរដ្ឋក្នុងឪកាសចូលឆ្នាំថ្មីខាងមុខ ។ ពិធីនេះ ដែលមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋចូលរួមផងដែរ ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍លើកឡើងថា សង្គ្រាមបានបង្កមហន្តរាយណ៍ដ៏វិនាសកម្ម ហិនហោចចំពោះកម្ពុជារហូត២ជំនាន់ បានធ្វើប្រទេសជាតិលិចលង់គ្មានសល់គ្រប់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស ។ តែដោយសារតែការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមនយោបាយ ឈ្នះឈ្នះ ដែលដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទើបទទួលបានសន្តិភាពពេញលេញ ព្រមទាំងមានការអភិវឌ្ឍន៍ឡើងវិញគ្រប់ទីកន្លែងទូទាំងប្រទេស ។

លោកអភិបាលខេត្តមានប្រសាសន៍បន្តថា ជាក់ស្តែងក្រោមម្លប់នៃសន្តិភាព រដ្ឋបាលខេត្តកំពង់ស្ពឺ ពិតជាមានការអភិវឌ្ឍន៍ដ៏មានសក្តានុពល ជាពិសេសបងប្អូនមានការងារធ្វើស្ទើរគ្រប់ៗគ្នា ដែលផ្តល់ការរកចំណូលចិញ្ចឹមគ្រួសារបានយ៉ាងគាប់ប្រសើរ ។

លោក ស៊ូ ស៊ុន្ទរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ លើកឡើងថា ការចាក់បេតុងកម្រាលស្ពានអំពែភ្នំ ឬស្ពានពាម មានបណ្តោយប្រវែង ៣៦ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតលើផ្លូវខេត្តលេខ១៣០ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ពេលនេះសម្រេចបានប្រមាណ៨៨% ហើយ និងគ្រោងបញ្ចប់ការសាងសង់ក្នុង ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។

ដោយឡែក ការបើកការដ្ឋានជួសជុលផ្លូវចំនួន ០៥គម្រោង បន្តរួមមាន ៖
-ផ្លូវខេត្តលេខ១៤៣ ជួសជុលដោយក្បាលដីល្បាយថ្ម ប្រវែង ៣ ៣០០ម ស្ថិតក្នុងស្រុកគងពិសី ។
-ផ្លូវខេត្តលេខ១៤៣ ដោយក្រាលកៅស៊ូពីរជាន់ DBST ប្រវែង២ ៦០០ម (បន្តពីស្ពានល្បឿនលឿន) ក្នុងស្រុកសំរោងទង ។
-ផ្លូវខេត្តលេខ១៤៤០ ដោយក្រាលកៅស៊ូពីរជាន់ DBST ប្រវែង២៩០០ម ក្នុងស្រុកឧដុង្គ ។
-ផ្លូវខេត្តលេខ១៤៤០ ដោយកាត់ជួសជុល ក្រាលកៅស៊ូDBST (Reseal) ប្រវែង ៥,៨៧៤គម ទំហំ៣៥ ២៤៤ម២ ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ។
-ផ្លូវជាតិលេខ៤៤ ស្រោចកៅស៊ូ ២ស្រទាប់ DBST(Reseal) ប្រវែង ៥គម ទំហំ៥០០០០ម២ ក្នុងក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧដុង្គ ៕