(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល បានទទួលថវិកាពីសប្បុរជនចំនួន៧ក្រុមផ្សេងៗគ្នា ដែលបានចូលរួមឧបត្ថមថវិកាតាមសទ្ធាជ្រះថ្លា ជូនដល់កាកបាទក្រហមកម្ពុជា ទុកសម្រាប់ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។។

សកម្មភាពនេះ ដើម្បីចូលរួមក្នុងវិស័យមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២ សម្រាប់ទុកបន្តជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ។

សប្បុជនចំនួន៧ក្រុមផ្សេងៗគ្នា បានចូលរួមបរិច្ឆាគជូនដល់ កាកបាទក្រហមកម្ពុជា ក្នុងនោះរួមមាន៖

ទី១៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អ៊ូ សាន ឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ
ទី២៖ គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក មន្ត្រី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារ
ទី៣៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន២ពាន់ដុល្លារ
ទី៤៖ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សន ម៉ារ៉ាដា ឧបត្ថម្ភថវិកាចំនួន ១ពាន់ដុល្លារ
ទី៥៖ គណបក្សប្រជាជនកម្ពុជា ឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារ
ទី៦៖ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១ពាន់ដុល្លារ
ទី៧៖ មន្រ្តី បុគ្គលិក កាកបាទក្រហមកម្ពុជានៅទីស្នាក់ការកណ្តាលចំនួន៣នាយកដ្ឋានរួមមានៈ នាយកដ្ឋានធនធានមនុស្ស, នាយកដ្ឋានសុខភាព,និងនាយករដ្ឋបាលហិរញ្ញាកិច្ច សរុបចំនួន ៥លាន៧សែនរៀល។

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិកា កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២នេះ គឺដើម្បីសមាគមជាតិ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលនេះជាទង្វើមួយជួយដល់សង្គម និងអាចជួយឲ្យប្រជាជនខ្មែរ ដែលកំពុងជួបភាពលំបាក ទទួលបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងពេញលេញពីរាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ៕