(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៥ ដែលជាកំណាត់ចុងក្រោយ តភ្ជាប់ពីក្រុងសិរីសោភ័ណ ទៅដល់ក្រុងប៉ោយប៉ែត មានប្រវែង៣៥គីឡូម៉ែត្រ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅក្នុងខែមេសា ឆ្នាំ២០២២ ដោយគ្រោងប្រើថវិកាប្រមាណ ៥០លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ នេះជាការបញ្ជាក់របស់ លោក ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានលើកឡើងដូចនេះ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសចុះហត្ថលេខារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយសម្ព័ន្ធក្រុមហ៊ុន Construction Corporation No.1 – JSC (CC1) and Civil Engineering Construction Corporation No. 6 – JSC (CIENCO6) Joint Venture (CC1-CIENCO6 JV) លើគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) សម្រាប់កញ្ចប់ការងារទី៤ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងដូច្នេះថា «ថ្ងៃនេះកំពុងតែចុះហត្ថលេខាពង្រីកផ្លូវ ពង្រឹងគុណភាពពីសិរីសោភ័ណទៅប៉ោយប៉ែត ចម្ងាយ៣៥គឺឡូម៉ែត្រ ប្រើថវិកាប្រហែល ៥០លានដុល្លារអាមេរិក ត្រូវការពេលវេលា៣២ខែ ដើម្បីសាងសង់ផ្លូវនេះ [..] សម្រាប់ពេលលវេលាសាងសង់ ប្រហែល ១ខែ បន្ទាប់ពីថ្ងៃចុះហត្ថលេខានេះ»

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៥នេះ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដោយសារការដឹកទំនិញឆ្លងកាត់ប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម និងជាផ្លូវអាស៊ាន ហាយវេលេខ១ (Asian Highway‌ 1) ប្រចាំតំបន់អាស៊ី។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា បន្ទាប់ពីការសាងសង់ផ្លូវនេះហើយនឹងជួយកាត់បន្ថយ ពេលវេលាបានយ៉ាងច្រើនក្នុងការដឹកទំនិញ និងជួយកាត់បន្ថយការបានចំណាយផងដែរ។

គួរបញ្ជាក់ថា គំរោងធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់ក្រុងប៉ោយប៉ែត ប្រវែងសរុប៣៦៦គីឡូម៉ែត្រ ចំណាយថវិកាសរុបប្រមាណ៥០០លានដុល្លារ ដោយក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA នឹងត្រូវបានបែងចែកជាបីកំណាត់រួមមាន៖

១៖ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែង ៨៤.៧៤ គីឡូម៉ែត្រ ដែលបាន និងកំពុងអនុវត្តក្រោមកញ្ចប់សាងសង់ចំនួនពីរ ហើយនឹងចំណាយទឹកប្រាក់សាងសង់ប្រមាណ១៤៣.០៤លានដុល្លារ ដោយប្រើរយៈពេលសាងសង់៣ឆ្នាំ។

២៖ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) មានប្រវែង១៣៥.២៥ គីឡូម៉ែត្រ នឹងត្រូវអនុវត្តក្រោមកញ្ចប់សាងសង់ចំនួនបី ដោយនឹងចំណាយទឹកប្រាក់សាងសង់ប្រមាណ២៤៦.៣៥ លានដុល្លារ និងត្រូវការរយៈពេល៤ឆ្នាំ សម្រាប់ដំណើរការសាងសង់។

៣៖ កំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល និងបញ្ចប់ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) មានប្រវែងសរុប១៤៦.០៤ គីឡូម៉ែត្រ។

វិសាលភាពនៃគំរោងធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ប៉ោយប៉ែត)រួមមាន៖

* ការពង្រីកកំណាត់ផ្លូវជាតិដែលមានស្រាប់ពី២គន្លង ទៅ៤គន្លង មានទទឹងសរុប២៣ម៉ែត្រ មានប្រវែងសរុប៣០៤គីឡូម៉ែត្រ ដោយក្រាលជំនួសដោយកៅស៊ូ AC (Asphalt Concrete) និងមានសួនច្បារកណ្តាល

* ការសាងសង់ផ្លូវវាងក្រុងសរុបចំនួន៥ខ្សែ មានប្រវែងសរុប៦២គីឡូម៉ែត្រ មាន៤គន្លង មានទទឹង២៣ម៉ែត្រ និងមានសួនច្បារកណ្តាល

* ការសាងសង់ឡើងវិញ ការពង្រីកស្ពានចាស់ និងការសាងសង់ស្ពានថ្មី ដែលស្ថិតក្នុងកំណាត់ផ្លូវជាតិលេខ៥ មានចំនួនសរុប៨០កន្លែង៕