(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថាមិនតែងតាំងតួនាទី ដល់អ្នកដែលអក្ខរកម្មព័ត៌មានវិទ្យា ជាពិសេសការមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទូរស័ព្ទ នោះឡើយ។ ខណៈបច្ចុប្បន្ននេះ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការផ្តល់ព័ត៌មាននានា។

បច្ចេកវិទ្យា គឺមានភាពចាប់រហ័ស និងងាយស្រួល ដោយមិនចាំបាច់ចំណាយពេលវេ លា ច្រើននោះឡើយ។ ដោយប្រភេទបច្ចេកវិទ្យាទាំងនោះមានដូចជា ការហៅទូរសព្ទ ផ្ញើរសារ អ៉ីមែល ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមជាដើម ខណៈពេលដែលអ្នកនៅឆ្ងាយ ឬក៏មិនមាន វត្ដមាន នៅកន្លែងធ្វើការផ្ទាល់។ ធ្វើការកំណត់កាលវិភាគ ឬដាក់ការងារទៅអោយក្រុមការងារ។

ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលបានប្រសូត្រចេញមកពីផ្លែផ្កានៃ «គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង» នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម័យនេះហើយ អញ្ចឹងបានថាអស់លោករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី អស់លោកទាំងឡាយ ត្រូវតែរៀនសូត្រ ខ្ញុំមិនឱ្យអស់លោក ឬក៏មន្ត្រីទាំងអស់នៅកម្ពុជា ពីមុនខ្ញុំប្រើពាក្យថា អក្ខរកម្មកុំព្យូទ័រ អីឡូវខ្ញុំប្រើពាក្យប៉ុន្មានឆ្នាំកន្លងទៅ ខ្ញុំប្រើពាក្យអក្ខរកម្មព័ត៌មានវិទ្យា ហើយឱ្យចេះតែមួយជុំវិញទូរស័ព្ទបានហើយ មិនចាំបាច់ចេះអីច្រើន ចេះតែប្រើម៉ាប្រជុំវិញប្រព័ន្ធទូរស័ព្ទ អញ្ចឹងបើអ្នកឯងមិនចេះទេ ខ្ញុំមិនអាចតែងតាំងបានទេ...! ព្រោះឧទាហរណ៍ឱ្យធ្វើអភិបាលខេត្តបើអត់ចេះប្រើ Whats App, viber, Line ,Telegram, WeChat អីផង ឬប្រើ Zoom សម្រាប់ការប្រជុំផង តែងតាំងលោកប្រជុំជាមួយគេយ៉ាងម៉េច? អញ្ចឹងអត់តែងតាំងទេ អញ្ចឹងត្រូវរៀនអាហ្នឹងឱ្យចេះ»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម័យបច្ចុប្បន្ននេះហើយ គឺការងារជាច្រើនត្រូវបានធ្វើឡើងតាមរយៈការបញ្ជូនសារតាមប្រពន្ធសង្គមនានា ដែលបានផ្តល់ភាពងាយស្រួល និងទទួលបានព័ត៌មានលឿន ប៉ុន្តែ ប្រសិនបើមន្ត្រីដែលមានតួនាទីទទួលបន្ទុកស្ថាប័នណាមួយ មិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានោះ បែរជាប្រើប្រាស់លេខទូរស័ព្ទដៃ សម្រាប់ទាក់ទងផ្តល់ព័ត៌មាននោះច្បាស់នឹងធ្វើឱ្យកិច្ចការងារមានការយឺតយ៉ាវ ឬត្រូវបែកការណ៍ជាដើម។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ធ្វើការទំនាក់ទំនងក្នុងការងារ គឺវាមានសុវត្ថិភាពជាងការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទហៅឆ្លងឆ្លើយគ្នាតាមរបៀបពីមុន។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាថា ការប្រើប្រាស់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងគ្នា ពេលខ្លះបានបង្កឱ្យភាពសាំញាំច្រើន ចំពោះការផ្តល់ព័ត៌មាន បច្ចុប្បន្ននេះ ខណៈបច្ចេកវិទ្យាកាន់តែជឿនលឿនទៅមុខជាលំដាប់ ដូច្នេះ ហើយត្រូវទាមទារឱ្យមន្ត្រីទាំងអស់គ្នា ចេះប្រើប្រព័ន្ធបច្ចេកវិទ្យាដែលមាននៅក្នុងទូរស័ព្ទដៃឱ្យបានច្បាស់លាស់ ដែលជាកត្តាជំរុញឱ្យកិច្ចការងារប្រព្រឹត្តទៅបានយ៉ាងរលូន ផងដែរ។

កម្ពុជាបានដាក់ចេញ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដែលជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងរសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការ ទទួលយក និងការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើន សេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លងប្រក្រតីភាពថ្មី»