(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតមកដល់ពេលនេះ នៅមានយានជំនិះចំនួន ៤៩០ពាន់គ្រឿងនៅទូទាំងប្រទេស មិនទាន់បានយកមកត្រួតពិនិត្យ លក្ខណៈបច្ចេកទេសនៅឡើយទេ ខណៈដែលមកដល់ពេលនេះ ក្រសួងបានធ្វើការផាកពិន័យរថយន្តដែលហួសសុពលភាពឆៀកបានជាង១៧ម៉ឺនគ្រឿងសរុបជាថវិកាជាង៥លានដុល្លារផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន ជំនិះ(ឆៀក) ជំនាន់ទី២ នៅក្រុមហ៊ុន Future Automobile Inspection មានទីតាំងស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៤ នៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក ផាត់ សានិច ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនភ្យូឈ័រ អូតូម៉ូបាល អ៊ិនស្ពេកសិន ឯ.ក លោក ហែម ដារិទិ្ធ អភិបាលខ័ណ្ឌពោធិ៍ សែនជ័យ រួមទាំងតំណាងក្រុមហ៊ុន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ផងដែរ ពីសារសំខាន់នៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងបទញ្ញត្តិច្បាប់ដែលតម្រូវឱ្យមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ មិនស្របតាមស្តង់ដាលក្ខណៈបច្ចេកទេសអាចបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃកើតឡើងចេញពីកត្តាយានជំនិះមានប្រមាណ ៣.៥% ដោយសារការមិនបាន យកយានជំនិះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងទៀងទាត់។

លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់យានជំនិះដែលហួសសុពលភាពឆៀក ត្រូវប្រញាប់យកយានជំនិះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់ និងទាន់ពេលវេលាដើម្បីសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ តាមដងផ្លូវផងដែរ។ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋជាអ្នកបើកបរ ដែលមានបណ្ណបើកបរផុតសុពលភាព មិនទាន់យកមកប្តូរ ឬពន្យារបណ្ណបើកបរ សូមមកប្ដូរ ឬពន្យារបណ្ណបើកបររបស់ខ្លួនឱ្យស្របច្បាប់ដើម្បីជៀសវាងការផាកពិន័យនៅពេលបើកបរនៅតាមផ្លូវ។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ក៏បានសំដែងនូវការស្វាគមន៍ និងអបអរសាទរដល់ក្រុមហ៊ុន Future Automobile Inspection ដែលបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការផ្ដល់សេវាសាធារណៈ សេវាចាំបាច់ទៅកៀកនឹងប្រជាពលរដ្ឋ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលតែងតែណែនាំឱ្យក្រសួងរៀបចំផ្ដល់សេវាសាធារណៈនិងសេវាចាំបាច់ ធ្វើឱ្យមានប្រសិទ្ធភាព ធ្វើឱ្យមានតម្លាភាព ធ្វើឱ្យបានលឿនជូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងនូវការកោតសរសើរចំពោះនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈដែលបានខិតខំប្រឹងប្រែងសហការជាមួយអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីរៀបចំប្រព័ន្ធឆៀក ជំនាន់ថ្មីក្នុងការផ្ដល់ភាពងាយស្រួលដល់មន្ត្រីផ្តល់សេវា និងប្រជាពលរដ្ឋផងដែរ៕