(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនាការជាសាធារណៈ នៅព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ស្អែកនេះ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួន៦។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះរួមមាន លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។
គ.ជ.ប បានឱ្យដឹងថា ពាក្យបណ្ដឹងទាំង៦ខាងលើនេះ មានកម្មវត្ថុដូចខាងក្រោម៖
* ប្ដឹងសុំលុបបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន នៅសង្កាត់វាលវង់ និងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចំនួន ២បណ្ដឹង
* ប្ដឹងជំទាស់នឹងបេក្ខជន និងបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំនួន ២បណ្ដឹង
* ប្ដឹងជំទាស់នឹងបេក្ខជន និងបញ្ជីបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំនួន ២ បណ្ដឹង៕