(កំពត)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធ ក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែ ទេសចរណ៍ អន្តរជាតិប្រចាំខេត្តកំពត ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ។

ថ្លែងនាកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពត ដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូនេះ កំពុងសាងសង់នៅលើផ្ទៃដីទំហំ៤ហិកតា មានជម្រៅ៤.៥ម៉ែត្រ ជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណជិត១០លានដុល្លារអាមេរិក ហើយគិតមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានសម្រេចការសាងសង់៩៣.៤១% ដែលគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា ក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា នឹងក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ កម្រិតជីភាពរបស់ប្រជាពលរដ្ឋសម្បូរសប្បាយជាងមុន ល្អជាងមុន និងមានការអភិវឌ្ឍជាងមុន និងឈានឡើងជា លំដាប់ទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ថែមទៀត។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បើគ្មានសន្តិភាព គ្មានឱកាស មកជួបជុំគ្នាកសាងកំពង់ផែ គ្មានឱកាសជួបជុំគ្នាកសាងផ្លូវ ស្ពាន សាលា រៀន មន្ទីរពេទ្យ វត្តអារាម ប្រឡាយទឹក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀត មានសន្តិភាពមានអ្វីទាំងអស់។ ដូច្នេះដើម្បីអភិវឌ្ឍប្រទេសជាតិមាតុភូមិឱ្យកាន់តែមានការរីកចម្រើន ត្រូវចូលរួមទាំងអស់គ្នា ថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សដើម្បី រាជរដ្ឋាភិបាល អាចបន្តការកសាងប្រទេសជាតិមាតុភូមិ និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋថែមទៀត។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ កំពង់ផែទេសចរណ៍អន្តរជាតិនេះនឹងក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ទទួលភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរណ៍មកពីប្រទេសថៃ និងវៀតណាមចូលមកកាន់កម្ពុជា ជាកំពង់ផែសម្រាប់អ្នកដំណើរ មិនមែនជាកំពង់ផែទំនិញឡើយ។

សូមបញ្ជាក់ថា កំពង់ផែនេះចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កំពង់ផែនេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ។ ការសាង សង់កំពង់ផែនេះស្ថិតក្រោមការគ្រប់គ្រងដោយអង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន។

កំពង់ផែនេះជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេស ចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតនៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ តាមរយៈកំពង់ផែនេះនឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅ ទេសចរណ៍ តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាផងដែរ៕