(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានប្រតិកម្មចំពោះការរិះគន់លើ ឧត្តមសេនីយ៍ក្នុងប្រទេសកម្ពុជា។

ការិយាល័យអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការរិះគន់ថា «ឧត្តមសេនីយ៍កម្ពុជា ក្បាលពោះធំ» គឺបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងកេរ្តិ៍ឈ្មោះកងយោពលខេរមភូមិន្ទ ហើយជាការមើលរំលងនូវគុណសម្បត្តិ៍ដ៏ធំធេងរបស់ ឧត្តមសេនីយ៍ ក្នុងជួរកងយោធពលខេមរភូមិ ដែលពួកគាត់ធ្លាប់បានលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ឈាមស្រស់តស៊ូរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយកំពុងបន្តបេសកកម្មការពារអធិបតេយ្យជាតិ និងសន្តិភាពសព្វថ្ងៃនេះ។

ប្រតិកម្មរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបាឋកថាមួយកាលពីចុងសប្តាហ៍មុន ដោយវិភាគអំពីមូលហេតុដែលកម្ពុជាថ្កោលទោសរុស្ស៉ី ដែលឈ្លានពានអ៊ុយក្រែន ដោយក្នុងនោះ លោកបានជ្រុលនិយាយរិះគន់ថា មកពីកម្ពុជាមិនទាន់មាននាវាមុជទឹក, កម្ពុជាមិនទាន់មានយន្តហោះមិចសម្រាប់ទម្លាក់គ្រាប់បែក, កម្ពុជាមិនទាន់មានកាតព្វកិច្ចយោធា និងកម្ពុជាសម្បូរដោយឧត្តមសេនីយ៍ក្បាលពោះធំជាដើម។

ការិយាល័យអ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា អ្នកណាដែលបានអត្ថាធិប្បាយបែបនេះ មិនសមរម្យទាល់តែសោះក្នុងនាមជាអ្នកសិក្សា។ យ៉ាងណាមិញការិយាល័យអ្នកនាំពាក្យក្រសួងការពារជាតិ បន្តថា អ្នកអត្ថាធិប្បាយគួរមានការប្រយ័ត្នប្រយែងចំពោះពាក្យសម្តីរបស់ខ្លួន និងកែតម្រូវឱ្យបានសមរម្យ ចៀសវាងនូវការអត្ថាធិប្បាយទាំងឡាយណា ដែលហួសពីព្រំដែនសិក្សារបស់ខ្លួន រហូតចូលជ្រៅដល់កិច្ចការគ្រប់គ្រងកងទ័ព។

ពាក់ព័ន្ធនឹងជំហរកម្ពុជា ចំពោះសង្គ្រាមរុស្ស៉ី-អ៊ុយក្រែននេះ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្រកាន់ជំហរប្រឆាំងដាច់ខាតចំពោះប្រទេសណាក៏ដោយ ដែលប្រើប្រាស់កម្លាំងយោធាដើម្បីឈ្លានពានប្រទេសដទៃ។ សម្តេចតេជោ បានចាត់ទុកថា ការវិភាគថា ការថ្កោលទោសនេះបណ្តាលមកពីកម្ពុជាខ្សោយនោះ ធ្វើឱ្យមានការភាន់ច្រឡំចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា៕