(ភ្នំពេញ)៖ គិតរហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ មានបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ មកពីគណបក្សភ្លើងទៀនជាង៥០នាក់ហើយ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបឈ្មោះ ហើយក្នុងនោះក៏មានឃុំសង្កាត់ចំនួន៥ផងដែរ ដែលគ.ជ.ប សម្រេចមិនអនុញ្ញាតឱ្យគណបក្សនេះចូលរួមប្រកួតប្រជែង។ នេះបើតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
បន្ទាប់ពីបានចុះបញ្ជីហើយ គ.ជ.ប បានបិទផ្សាយនូវបញ្ជីឈ្មោះបេក្ខជន ហើយឥឡូវនេះកំពុងតែបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង។ ការដាក់នេះ គឺមានការប្តឹងនៅថ្នាក់គណៈកម្មការឃុំសង្កាត់ រៀបចំការបោះឆ្នោតចំនួន១៤៦បណ្តឹង។ បន្ទាប់ពីដោះស្រាយនៅថ្នាក់គណៈកម្មការឃុំសង្កាត់ហើយ ក៏មានការប្តឹងតមកគ.ជ.ប ៧បណ្តឹង ប៉ុន្តែឥឡូវនេះ ក៏មានបណ្តឹងដែលបានប្តឹងមកគ.ជ.ប ជាង១៥០ ហើយកំពុងតែមកជាបន្តបន្ទាប់ទៀត។
លោកបានបន្តថា រហូតដល់ថ្ងៃនេះ គ.ជ.ប បានដោះស្រាយបណ្តឹងរហូតដល់១៤៣ហើយ ដែលបណ្តឹងនោះភាគច្រើនជាបណ្តឹងសុំដកខ្លួនចេញពីបេក្ខជននៃគណបក្សភ្លើងទៀន, បណ្តឹងសុំឱ្យលុបឈ្មោះបេក្ខជនដែលមិនគ្រប់លក្ខខណ្ឌ ដែលគាត់អត់ចេះអក្ស ឬអត់ចេះអាន និងប្រភេទបណ្តឹងស្នើសុំឱ្យលុបបញ្ជី បេក្ខជនគណបក្សភ្ល្លើងទៀននៅឃុំសង្កាត់មួយចំនួន។
លោក ហង្ស ពុទ្ធា បានពន្យល់ថា «តំណាងគណបក្សនយោបាយ ដែលដឹងថា អ្នកហ្នឹងអត់ចេះអក្សហើយ នៅតែព្យាយាមដាក់ទៀត អាហ្នឹងតាមច្បាប់គឺត្រូវលុបបញ្ជីហ្នឹងហើយ គណបក្សហ្នឹងអត់មានឱកាសឈរឈ្មោះប្រកួតប្រជែងនៅក្នុងឃុំសង្កាត់ដែលគេបានប្តឹងហ្នឹងទេ ដែលមកទល់នឹងថ្ងៃនេះ មានហើយ គឺលុបឈ្មោះជាង៥០នាក់នៅទូទាំងប្រទេស ហើយការលុបបញ្ជីហ្នឹងក៏មានយ៉ាងហោចណាស់ ៥បញ្ជីឃុំសង្កាត់ហើយ»។
យ៉ាងហោចណាស់មានគណបក្សចំនួន១៧ បានចូលរួមប្រគួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ៥ នៅខែមិថុនា ខាងមុខនេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជន២៨០០៨នាក់ នៅគ្រប់ឃុំសង្កាត់ចំនួន១៦៥២នាក់ ទូទាំងប្រទេស។ គណបក្សភ្លើងទៀន បានដាក់បេក្ខជនច្រើនជាងគេបន្ទាប់ពីគណបក្សកាន់អំណាច ដោយមានចំនួន ២៣៦៧៩នាក់ នៅឃុំសង្កាត់១៦៤៩ ក្នុងចំណោមឃុំសង្កាត់១៦៥២។ ទោះជាយ៉ាងនេះក្តី បន្ទាប់ពីមានបិទបញ្ជីឈ្មោះដំបូង បណ្តឹងជាច្រើនប្រឆាំងនឹងគណបក្សភ្លើងទៀន ដោយសារតែបេក្ខជនមួយចំនួនមិនចេះអក្ស ខុសនឹងច្បាប់បោះឆ្នោតឃុំសង្កាត់។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏នឹងបើកសវនការជំនុំជម្រះជាសាធារណៈលើពាក្យបណ្ដឹង/សំណុំរឿងចំនួន៣ ពាក់ព័ន្ធនឹងការដាក់បេក្ខជនរបស់គណបក្សភ្លើងទៀន គឺលេខ១៤៤ លេខ១៤៥ និងលេខ១៤៦ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ស្អែកនេះផងដែរ៕