(កំពង់ធំ)៖ ដោយមានលំបាកក្នុងការធ្វើដំណើរ រហូតដល់ពេលខ្លះមានការលិចលង់ទូក និងកាណូតស្លាប់កូនស្លាប់ចៅក៏មាននោះ ជាពិសេសគ្រួសារលោកស្រី ឃួន ឃុនឌី ផ្ទាល់បានបាត់បង់សមាជិកក្នុងក្រុមគ្រួសារ រហូតទៅដល់៤នាក់ ក្នុងពេលលិចកាណូតនៅរដូវបុណ្យកឋិនដង្ហែទៅកាន់វត្តកំពង់ស្វាយ ដោយជួបឧប្បទវហេតុមិនអាចបំភ្លេចបានយ៉ាងដូច្នេះ ទើបជំរុញចិត្តលោកស្រី ឃួន ឃុនឌី ក្រុមគ្រួសារ និងគណៈកម្មការអាចារ្យវត្ត ផ្តួចផ្តើមសាងសង់ស្ពានថ្មឆ្លងកាត់ស្ទឹងសែន ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។

ស្ពានថ្មនេះ បង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានទៅសិក្សារៀនសូត្រ និងប្រជាពលរដ្ឋបានដឹកកសិផលពីត្រើយម្ខាង ទៅត្រើយម្ខាងឬពីស្រុកមួយ ទៅស្រុកមួយផងដែរ។

លោកស្រី ឃួន ឃុនឌី បានលើកឡើងថា «យើងបានសុខមកដល់ថ្ងៃនេះក៏ដោយសារតែកត្តាសុខសន្តិភាព ដូច្នេះបងប្អូនទាំងអស់ត្រូវនាំគ្នារក្សាសន្តិភាពឱ្យបានយូរអង្វែង ជាមួយនឹងរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យប្រទេសរបស់យើងមានការអភិវឌ្ឍលើគ្រប់វិស័យ»

លោកស្រីបានបន្តថា ដោយសារប្រទេសជាតិមានសុខសន្តិភាព សេដ្ឋកិច្ចជាតិមានការរីកចម្រើនធ្វើឱ្យប្រជាពលរដ្ឋមានឱកាសបានធ្វើបុណ្យទាន កើតចេញពីទឹកចិត្តជ្រះថ្លារបស់ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ កងកម្លាំង និងបងប្អូនទីជិតទីឆ្ងាយមួយចំនួនយកមកកសាងស្ពានថ្មនេះឡើង។ ជាមួយគ្នានោះដែរ លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាពនេះ ដើម្បីបន្តអភិវឌ្ឍប្រទេសឲ្យបានរីកចម្រើនដល់ទៀត។

ជាមួយគ្នានេះប្រជាពលរដ្ឋ សិស្សានុសិស្សសប្បាយចិត្តរីករាយយ៉ាងខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបាន ដោយទទួលបានស្ពានថ្មដែលមិនធ្លាប់មានពីមុនមក ព្រោះធ្លាប់តែលំបាកក្នុងការធ្វើដំណើរពិសេសនៅរដូវវស្សា។

ក្នុងនោះដែរ លោក អ៊ឹម ជុង គណៈកម្មការអាចារ្យវត្តកំពង់ស្វាយ បានលើកឡើងថា ការសាងសង់ស្ពាននេះ គឺជាការចូលរួមជាមួយនឹងពុទ្ធបរិស័ទតាមកម្លាំងសទ្ធា ដោយបានកសាងតាំងពីឆ្នាំ២០១៨ និងរួចរាល់ជាស្ថាពរ នៅឆ្នាំ២០២១ ហើយការសាងសង់ស្ពានថ្មមានប្រវែង ១៥១,២ ម៉ែត្រ ទទឹង ៦,៥០ ម៉ែត្រ និងកម្ពស់៨ម៉ែត្រ ដោយចំណាយថវិកាអស់ជិត ៧០ម៉ឺនដុល្លារ។

លោកបានបន្តថា នេះគឺជាកម្លាំងសាមគ្គីមួយមិនដែលមានប្រជាពលរដ្ឋក៏ដូចជាសហគមន៍ណាធ្វើបានស្ពាន ដែលមានតម្លៃច្រើនហួសប្រមាណ ហើយស្ពាននេះនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៨-៩ និងទី១០ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច៕