(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសម្ពោធបើកដំណើរការជាផ្លូវការ មណ្ឌលផ្តល់សេវាសាធារណៈថ្មីមួយទៀត ជាមណ្ឌលទី៦ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នេះជាការបញ្ជាក់របស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កិច្ចប្រជុំប្រចាំសប្តាហ៍ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ដោយលោកអះអាងថា ជាបង្ខិតសេវាសាធារណៈឱ្យទៅកាន់តែកៀកនឹងប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់ តែមានភាពប្រសើរឡើង។

លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងបានជំរុញលើកទឹកចិត្តដល់មន្ត្រីដែលទើបបានតែងតាំងថ្មីទាំងអស់ ឱ្យខិតខំប្រឹងប្រែងធ្វើការងារឱ្យកាន់តែសកម្ម និងប្រកបដោយភាពទទួលខុសត្រូវនៅ តាមមុខតំណែងរបស់ខ្លួនដើម្បីជាផលប្រយោជន៍ដល់ក្រសួង និងប្រទេសជាតិ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីគម្រោងអប់រំបណ្តុះបណ្តាលធនធានមនុស្ស នៅតាមបណ្តាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត តាមស្មារតីនៃសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ដែលបានដាក់ចេញកន្លងទៅ និងបានសម្តែងមោទនភាព ដែលក្រសួងសាធារណការ និងដឹកជញ្ជូន មានវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដ៏ធំមួយ ដើម្បីប្រើប្រាស់ក្នុងការបណ្ដុះបណ្ដាលមន្ត្រី ក៏ដូចជាសិស្ស-និស្សិតពីក្រៅ។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់វិទ្យាស្ថាន ដែលបានខិតខំប្រឹងប្រែង បង្កើតទំនាក់ទំនងល្អជាមួយនឹងឯកជនជាដៃគូ ដើម្បីជួយវិទ្យាស្ថាន តាមរយៈការ ចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យក្នុង និងក្រៅប្រទេស និងស្ថាប័នផ្សេងៗទៀត ដើម្បីពង្រឹងគុណភាពអប់រំ របស់វិទ្យាស្ថានឱ្យកាន់តែមានការរីក ចម្រើនថែមទៀត និងបានថ្លែងនូវការកោតសរសើរចំពោះវិទ្យាស្ថាន ដែលបានខិតខំប្រឹងប្រែងធ្វើការងារបណ្ដុះបណ្ដាលមិនត្រឹមតែនិស្សិតពីខាងក្រៅប៉ុណ្ណោះទេ ថែម ទាំងបានខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួងផងដែរ។

បន្ថែមពីនេះលោកទេសរដ្ឋមន្រ្តី ក៏បានណែនាំឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់ ពិនិត្យឡើងវិញ និងរៀបចំរបៀបរបបធ្វើការ (Process Mapping) ក្នុងអង្គភាពរបស់ខ្លួន ឱ្យបានចប់នៅខែឧសភា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយដំណើរការនីតិវិធីការងារ ចំណេញពេលវេលា កាត់បន្ថយចំណាយ និងការរាំងស្ទះនានា និងធ្វើបទបង្ហាញ ជូនថ្នាក់ដឹកនាំក្រសួង ដើម្បីធ្វើឱ្យប្រសើរឡើងរបៀបរបបធ្វើការ និងឈានទៅសម្រេចគោលដៅនៃការសាងសង់ ជួសជុល ថែទាំផ្លូវឱ្យគុណភាពល្អជាងមុនផងដែរ៕