(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជួន បានស្នើឲ្យក្រុមហ៊ុនទាំងឡាយណា ដែលមានរង្វាន់លើកទឹកចិត្ត ដាក់លើផលិតផលរបស់ខ្លួន ជួយដាក់មួកសុវត្ថិភាពជារង្វាន់ផងដែរ ដើម្បីជំរុញប្រជាពលរដ្ឋឲ្យពាក់មួកសុវត្ថិភាពកាន់តែច្រើនឡើងថែមទៀត។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានថ្លែងបែបនេះ ក្នុងសិក្ខាសាលាជាមួយអ្នកពាក់ព័ន្ធ ស្តីពីលទ្ធភាពក្នុងការផ្តល់មួកសុវត្ថិភាព ដែលមានគុណភាពល្អដល់កម្មករនិយោជិត និងកុមារកម្ពុជា។

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការរូបនេះ បានឲ្យដឹងថា មានក្រុមហ៊ុនឯកជនជាច្រើន បានជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាល ពេលមានបញ្ហាគ្រោះធម្មជាតិនានា ហើយម្យ៉ាងទៀត ផលិតផលរបស់ក្រុមហ៊ុនមួយចំនួននោះ សុទ្ធតែមានរង្វាន់លើកទឹកចិត្ត។ លោកស្រីរំពឹងថា ការដាក់រង្វាន់លើកទឹកចិត្តជាមួកសុវត្ថិភាពបែបនេះ ពួកគាត់ក៏ធ្វើបានដែរ ព្រោះនេះជាការរួមចំណែកជួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ បានបញ្ជាក់យ៉ាងដូច្នេះថា «អញ្ចឹងគ្រាន់តែរង្វាន់សម្រាប់មួកសុវត្ថិភាព ខ្ញុំគិតថាគាត់ពិតជាធ្វើបាន។ យើងនិងអង្គការមូលនិធិបង្ការរបួសអាស៉ី (AIP) នឹងតាមដានថា តើក្រុមហ៊ុនណា នឹងអនុវត្តតាមវិធីនេះ»

លោក គឹម បញ្ញា នាយកអង្គការ AIP ប្រចាំកម្ពុជា បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ក៏ជាបញ្ហាប្រឈមដ៏ចម្បងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងមួយដែរ សម្រាប់កុមារកម្ពុជា និងកម្មករនិយោជិត ជាពិសេសអ្នកដែលកំពុងបម្រើការងារ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដែលមានប្រមាណជាង ៨០០.០០០នាក់តែម្តង។

លោក គឹម បញ្ជា បានបន្តថា ក្នុងចំណោមជនរគ្រោះចំនួន ២.១៥២នាក់ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៩ ប្រមាណជិត ៤០% គឺជាកុមារ និងកម្មករនិយោជិត។ ភាគច្រើនៃជនរងគ្រោះ គឺជាអ្នកជិះម៉ូតូ ហើយប្រមាណជាង ៧០% មិនបានពាក់មួកសុវត្ថិភាពនៅពេលទទួលរងគ្រោះថ្នាក់ចរាចរណ៍។

ដោយសារមួកសុវត្ថិភាពសំខាន់បែបនេះ ហើយ ទើបលោកស្រី មឹន មាណវី និងលោក គឹម បញ្ញា សុទ្ធតែបង្ហាញឆន្ទៈដូចគ្នា ឲ្យក្រុមហ៊ុនឯកជនឧបត្ថម្ភមួកសុវត្ថិភាព ដែលមានគុណភាពល្អដល់កម្មករនិយោជិត និងកុមារកម្ពុជា។

ក្នុងឱកាសនោះ លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្តល់យោបល់ឲ្យមានជាចលនាជាតិ រយៈពេល ១ម៉ោង និងកម្មវិធីជាច្រើនទៀត ដើម្បីរំលឹកអ្នកដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដើម្បីដាស់ស្មារតីប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន។ ក្នុងនោះដែរ លោកក៏បានឧបត្ថម្ភមួកសុវត្ថិភាពចំនួន ២០មួក ដល់អង្គការ AIP ៕