(កណ្ដាល)៖ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល និងមន្ទីរទាំងអស់នៅជុំវិញប្រទេស ត្រូវខិតខំដោះស្រាយ និងទប់ស្កាត់បញ្ហាការរំលោភយកដីចំណីផ្លូវធ្វើអាជូវកម្ម ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនជាដើម ដែលវាបង្កើតបញ្ហាច្រើនណាស់ ពិសេសពេលចាប់ផ្ដើមកសាងផ្លូវម្ដងៗ គឺគ្រាន់តែដោះស្រាយសំណងសំរាប់អ្នករំលោភដែលទៀមទារនោះ មានតម្លៃស្ទើរតែលើសពីទំហុំថវិការនៃគម្រោងស្ថាបនាទៅទៀត ដែលនេះជាបញ្ហាធនាំឲ្យរាំងស្ទះដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា។

ការជំរុញបែបនេះ របស់លោក ប៉ាល់ ចន្ទតារា បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដែលបានធ្វើឡើងនាថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២២ ម្សិលមិញ។

ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យមានការរឹតត្បឹតនិងរឹតបន្តឹងទៅលើការដឹកជញ្ជូនលើសទម្ងន់កំណត់ដោយច្បាប់ ការតទ្រុងឡានខុសបច្ចេកទេស និងបញ្ហាខុសបច្ចេកទេសផ្សេងៗជាច្រើនទៀត ដើម្បីទប់ស្កាត់ឱ្យខានតែបាននូវរាល់បទល្មើសទាំងឡាយដែលបំផ្លាញផ្លូវ ហើយមិនលើកលែងឡើយចំពោះជនប្រព្រឹត្តល្មើស។

មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានកោតសរសើរដល់លោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលសម្រេចបានការងារស្នូលយ៉ាងច្រើនស្កេកស្កះ ការកសាងហេដ្ឋារចនាសម្ព័ន្ធបានល្អប្រសើរប្រកបដោយស្តង់ដា និងមានគុណភាព ហើយសរសើរទៀតត្រង់ចំណុចថាមានតែមន្ទីរសាធារណការខេត្តកណ្ដាលទេ ដែលធ្វើសន្និបាតបង្ហាញពីស្នាដៃរបស់ខ្លួន និងរំពឹងចំពោះមន្ទីរសាធារណការនៅតាមបណ្ដាខេត្ត-រាជធានី ផ្សេងទៀត គួរសិក្សាពីគម្រូល្អរបស់លោក មឹង យូឡេង។

បន្ថែមលើសនេះ លោកបានវាយតម្លៃខ្ពស់ចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលទោះបីជាមានការរំខាន ក្នុងការបំពេញការងារពីជំងឺកូវីដ១៩ យ៉ាងណាក្តី ក៏មន្ទីរអាចសម្រេចបាននូវសមិទ្ធផលជាច្រើនដូចជា៖ បានការសាងសង់ និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវជាតិ ផ្លូវខេត្តចំនួន ៦ខ្សែ មានផ្លូវជាតិ លេខ២១អា ផ្លូវលេខ៤២ ផ្លូវលេខ១២១១, ផ្លូវលេខ1KD9, ផ្លូវលេខ១១០, និងផ្លូវលេខ២៦១៨ ប្រវែងសរុប ១៥,៩១៨ម៉ែត្រ បានជួសជុលស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងតាខ្មៅ ដែលខូចខាតដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២០ ចំនួន៦ខ្សែ, ថែទាំជាប្រចាំផ្លូវជាតិ និងផ្លូវខេត្ត ចំនួន ២៤ខ្សែ ប្រវែង ៤៨៦.១៥គ.ម និងការរៀបចំ កែលម្អប្រព័ន្ធលូ ដោយសាងសង់លូមូលបានប្រវែង ៨,៦១០ម៉ែត្រ និងលូជ្រុងបានប្រវែង ៣៥០ម៉ែត្រ ជាដើម។

ស្ថិតក្នុងឱកាសនេះដែរ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្ដាល បានបញ្ជាក់ថា ក្នុងសន្និបាតនេះ ក្រៅពីការធ្វើបទបង្ហាញពីលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ការិយាល័យជំនាញរបស់មន្ទីរ បានឡើងធ្វើបទបង្ហាញ ស្ដីពីការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ការងារគ្រប់គ្រងដីចំណីផ្លូវ, ការងារវិស័យដឹកជញ្ជូនមានការងារផ្តល់សេវាសាធារណៈ ការងារដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ និងការងារសុវត្ថិភាពចរាចរណ៍ និងបានផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធវិស័យសាធារណការ និងដឹកជញ្ជូនជាច្រើនទៀត ជាពិសេសមន្ទីរបានទទួលយកនូវសំណូមពរ និងបញ្ហាប្រឈមនានា ដែលបានលើកឡើងក្នុងសន្និបាត ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ៕