(រតនគិរី)៖ គ្រាដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែខិតជិតមកដល់ ចលនានៃការផ្លាស់ប្តូរជំហរនយោបាយរបស់ថ្នាក់ដឹកនាំ និងសមាជិករបស់បក្សនយោបាយប្រឆាំង ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា (CPP) គណបក្សកំពុងដឹកនាំប្រទេសកើតមានជាហូរហែ។ នៅថ្ងៃសៅរ៍ ទី០៩ ខែមេសា ឆ្នាំ២០២២នេះ អតីតថ្នាក់ដឹកនាំ និងសមាជិករបស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) នៅក្នុងខេត្តរតនគិរី ប្រមាណ ១៣៧រូបទៀតហើយ បានស្ម័គ្រចិត្តចូលរួមរស់ និងធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីប្រកាសទទួលស្គាល់សមាជិកថ្មីមកពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក យូ សិរីវុឌ្ឍ តំណាងរបស់លោក លី សាម៉េត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីនោះ លោក យូ សិរីវុឌ្ឍ បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះការសម្រេចចិត្តផ្លាស់ប្តូរជំហរនយោបាយរបស់អតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិនៅក្នុងខេត្តរតនគិរី មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោក យូ សិរីវុឌ្ឍ បានហៅការសម្រេចចិត្តរបស់ពួកគេថាជាការសម្រេចចិត្តមួយប្រកបដោយភាពត្រឹមត្រូវ និងចាត់ទុកជាការភ្ញាក់រលឹកមួយទាន់ពេលវេលា ដោយមិនបន្តចាញ់មនោគមន៍វិជ្ជានយោបាយមានចរិតប្រជាភិថុតិពិសពុលរបស់អតីតបក្សបានធ្វើសកម្មភាពក្បត់ជាតិខ្លួនឯង។
«ការសម្រេចចិត្តរបស់បងប្អូននាពេលនេះ គឺជាការសម្រេចចិត្តមួយប្រកបដោយភាពត្រឹមត្រូវ ដោយមិនបន្តចាញ់នូវមនោគមន៍វិជ្ជានយោបាយរបស់អតីតបក្សដែលបានក្បត់ជាតិខ្លួនឯង ឃុបឃិតនឹងបរទេសបំផ្លាញ់ប្រយោជន៍ជាតិ ព្រោះតែដើម្បីមហិច្ឆតានយោបាយរបស់ខ្លួន»។ នេះជាការបញ្ជាក់របស់លោក យូ សិរីវុឌ្ឍ។
ក្នុងឱកាសនោះ លោក យូ សិរីវុឌ្ឍ បានអំពាវនាវដល់សមាជិកថ្មីទាំងអស់ខិតខំធ្វើសកម្មភាពនយោបាយនៅតាមមូលដ្ឋាន ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីតម្រែតម្រង់ប្រជាពលរដ្ឋឱ្យយល់ពីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា និងកុំឱ្យលង់ជឿននឹងបក្សនយោបាយដទៃ ដែលងាយនឹងនាំឱ្យជាតិជួបក្តីអន្តរាយ។
តំណាងអតីតមេដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ ទើបចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវការខកចិត្តខកបំណងអស់ជាយូរខែឆ្នាំជាមួយអតីតគណបក្សសង្គ្រោះជាតិ។ ពួកគេ បានលើកឡើងថា ពួកគេបានលះបង់ទាំងកម្លាំងកាយចិត្ត បញ្ញាញាណ និងធនធានផ្ទាល់ខ្លួនផង ដើម្បីបម្រើសកម្មភាពបក្សនៅមូលដ្ឋានរបស់ពួកគេ។ តែបែរជាត្រូវខូចចិត្ត ខកបំណងយ៉ាងខ្លាំង ក្រោយដឹងថា មេដឹកនាំបក្សរបស់ពួកគេបានធ្វើសកម្មភាពឃុបឃិតជាមួយបរទេស ហ៊ានធ្វើរឿងនាំឱ្យអន្តរាយដល់ប្រទេសជាតិ។
តំណាងអតីតមេដឹកនាំ និងសមាជិកអតីតបក្សប្រឆាំងនេះ បានសន្យាប្រឹងប្រែងធ្វើសកម្មភាពជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរក្សាភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ហើយដណ្តើមជោគជ័យលើការបោះឆ្នោតទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ ពួកគេបានបង្ហាញការជឿជាក់ថា មានតែការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលធ្វើឱ្យប្រទេសកម្ពុជាបន្តរក្សាបានសុខសន្តិភាព និងមានការអភិវឌ្ឍ។
តំណាងអតីតមេដឹកនាំ និងសមាជិកអតីតបក្សប្រឆាំងទាំងនេះ បានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការប្រកាសបន្តកាន់អំណាចរបស់សម្តេចតេជោ ហ៊ុន សែ។ ពួកគេក៏បានប្រកាសគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគតមកពីគណបក្សប្រជាជនកម្ពុជាផងដែរ៕