(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (បសប.ហភ) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុមប្រតិបត្ដិការផ្ទាល់ បានអញ្ជើញបើកវគ្គផ្សព្វផ្សាយអំពីការអនុវត្ដនីតិវិធីប្រតិបត្ដិស្ដង់ដារ (SOP) សម្រាប់ការស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ដល់នាយនគរបាលជាតិមកពីនាយកដ្ឋាន និងការិយាល័យជំនាញចំនួន០៣ ក្នុងនោះរួមមាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងការិយាល័យនគរបាលអន្តរជាតិ ដែលមានសមាសភាពសរុបចំនួន ៤៤នាក់។
នៅពេលរសៀល ឧត្តមសេនីយ៍ទោ ម៉ៅ សុបញ្ញា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាសមាជិកក្រុមប្រតិបត្តិការផ្ទាល់ បានធ្វើបទបង្ហាញលើករណីសិក្សា «ឆបោក» ដែលការចែករំលែកបទពិសោធន៍ជាក់ស្តែង ទាក់ទងបច្ចេកទេសក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងជាការឆ្លុះបញ្ជាំងអំពីអនុវត្ដនីតិវិធីប្រតិបត្ដិស្ដង់ដារ (SOP)។
វគ្គផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាពការងារស៊ើបអង្កេតលើសញ្ញាណ នៃបទល្មើសសម្អាតប្រាក់ ដោយកំណត់អំពីវិធានការកំណត់ប្រភពនៃការស៊ើបអង្កេត បច្ចេកទេសនៃការស៊ើបអង្កេតក្នុងការវិភាគ និងវាយតម្លៃ អំពីផល នៃបទល្មើស ដើម្បីឈានទៅដល់ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដែលខ្លឹមសារនៃនីតិវិធីប្រតិបត្តិស្តង់ដារនេះ ផ្តោតសំខាន់ៗទៅលើ០៤ ផ្នែកសំខាន់ដូចខាងក្រោម៖
* ផ្នែកទី១៖ គោលការណ៍ទូទៅ នៃការស៊ើបអង្កេត
*ផ្នែកទី២៖ ការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់
* ផ្នែកទី៣៖ ចំណាត់ការលើទ្រព្យសម្បត្តិរបស់បុគ្គលសង្ស័យ
* ផ្នែកទី៤៖ ការកសាងសំណុំរឿង។
គួរបញ្ជាក់ថា ក្រុមការងារ បសប.ហភ បានរៀបចំវគ្គផ្សព្វផ្សាយនេះចំនួន ៦វគ្គ ក្នុងខែមីនា និងមេសា ឆ្នាំ២០២២ និងកំពុងត្រៀមផ្សព្វផ្សាយបន្តទៅដល់នាយនគរបាលជាតិ នៅក្នុងផែនជំនាញ របស់ស្នងការដ្ឋាននគរបាលជាតិ ២៥រាជធានី-ខេត្តផងដែរ៕