(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី សិក្ខាសាលាពិគ្រោះ យោបល់ថ្នាក់ជាតិ ស្តីពីគោលនយោបាយនិងទិសដៅ នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល នៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល បាននិងកំពុងដំណើរការ រៀបចំ សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។
ក្នុងដំណើរការរៀបចំ សេចក្ដីព្រាងគោលនយោបាយនេះ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នឹងរៀបចំ «សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីគោលនយោបាយនិងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» នៅថ្ងៃទី ២៦ និង ២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨៖៣០នាទីព្រឹក។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) ព្រមទាំងផ្សាយផ្ទាល់ តាមរយៈទំព័រហ្វេសប៊ុក និងឆានែលតេឡេក្រាមរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ក្នុងសិក្ខាសាលានេះ អ្នកចូលរួម និងវាគ្មិនដែលមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ និងមិនមែនធនាគារ, សមាគម, និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ នឹងធ្វើការចែករំលែកចំណេះដឹងនិងបទពិសោធន៍ និងពិភាក្សាគ្នាទៅលើបច្ចេកវិទ្យាថ្មីៗ និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១៖ ប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធ សម្រាប់ការរៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍ វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ, ២៖ លើកកម្ពស់ការយល់ដឹង អំពីការវិវត្តវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ន និងបញ្ហាប្រឈម, និង៣៖ ចែករំលែកគំនិត និងទស្សនវិស័យរបស់អ្នកជំនាញ ដែលមានគោលដៅក្នុងការ ជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា៕