(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងមួយ ដល់រោងចក្រសហគ្រាសនានា ឱ្យសហការបន្ទាន់ជាមួយអាជ្ញាធរ និងមន្ទីរការងារក្នុងរាជធានីខេត្ត រៀបចំចាក់វ៉ាក់សាំងដូសជំរុញ ជូនកម្មករនិយោជិត នៅក្នុងរោងចក្ររបស់ខ្លួន។
សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីជូនព័ត៌មានស្តីពីការក្រើនរំលឹកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤) របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស (គ.វ.ក-១៩) ក៏ដូចជា ដើម្បីបន្តប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ជាពិសេសនៅតាមរោងចក្រ សហគ្រាស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវសហការជាបន្ទាន់ជាមួយអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញ (ទាំងដូស ទី៣ និងដូសទី៤) ជូនកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស។
ក្រសួងក៏បានជម្រាបដែរថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវគ្រប់គ្រងទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត និងបំពេញព័ត៌មានចាក់វ៉ាក់សាំង ទៅក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh (ក្នុងករណីបងប្អូនកម្មករនិយោជិតមិនទាន់មានប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ សូមបំពេញឈ្មោះអក្សរកាត់ជាអក្សរឡាតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំងតាមទម្រង់ដែលបានកំណត់ក្នុងប្រព័ន្ធ)។
សម្រាប់ព័ត៌មានបន្ថែម ម្ចាស់ ឬនាយករោងចក្រ សហគ្រាស អាចសួរព័ត៌មានបន្ថែមក្នុងក្រុម «សម្រាប់និយោជក» តាមរយៈតេឡេក្រាម https://t.me/EmployerChat។ ក្រសួងមានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕