(ភ្នំពេញ)៖ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) បានរៀបចំកម្មវិធី «Cybersecurity 4.0-តើយើងធានាអនាគតឌីជីថល របស់យើងដោយរបៀបណា?» នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

ព្រឹត្តិការណ៍នេះ ប្រមូលផ្ដុំអ្នកចូលរួមជាង៩០នាក់ រួមទាំងមន្ត្រីរដ្ឋាភិបាល នាយកប្រតិបត្តិ អ្នកគ្រប់គ្រងប្រទេស នាយក និងអ្នកដឹកនាំផ្សេងទៀត ដើម្បីពិភាក្សាអំពីសុវត្ថិភាពឌីជីថល និងមានការចូលរួមពី លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ការរៀបចំព្រឹត្តិការណ៍នេះឡើង ដោយសារសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាឃើញថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ការអនុម័តបច្ចេកវិទ្យា មានការកើនឡើង យ៉ាងកត់សំគាល់។

ជាពិសេស មនុស្សកាន់ទ្រព្យសម្បត្តិឌីជីថលកាន់តែច្រើន (ដូចជា eWallet, cryptocurrencies, ព័ត៌មានផ្ទាល់ខ្លួន និងទិន្នន័យ) ដែលបណ្តាល ឲ្យមានអត្រាឧក្រិដ្ឋកម្មឌីជីថលកើនឡើងខ្ពស់ ដូច្នេះមនុស្ស និងសាជីវកម្មគួរតែការពារខ្លួន ប៉ុន្តែតើត្រូវការពារដោយរបៀបណា។

ក្នុងឱកាសនោះ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ក៏បានមានការពិភាក្សាតុមូល ដោយចូលរួមពីវាគ្មិនចំនួន៥រូប មកពីស្ថាប័នធំៗក្នុងតំបន់ និងអន្តរជាតិរួមមាន៖

ទី១៖ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ
ទី២៖ លោក Kan Yang នាយកនៃដំណោះស្រាយច្នៃប្រឌិត នៃAlibaba Cloud
ទី៣៖ លោក Kelvin Chin អនុប្រធានអាស៊ីប៉ាស៊ីហ្វិក និងជប៉ុន ផ្នែកសន្តិសុខតាមអ៊ីនធឺណិត នៃក្រុមហ៊ុន Honeywell
ទី៤៖ កញ្ញា Vorleak Chhim អនុប្រធាន និងជាប្រធានផ្នែកការពារទិន្នន័យ នៃធនាគារអេស៊ីលីដា
ទី៥៖ លោក Ainsley Jong ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈកម្ពុជា និងជានាយកប្រតិបត្តិនៃ Solutions for Asia ។

កម្មវិធីនេះ ត្រូវបានសម្របសម្រួលដោយលោក Pily Wong ទីប្រឹក្សាក្រសួងមហាផ្ទៃ ប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា និងនាយកប្រតិបត្តិ នៃ MDP Cambodia។

ទន្ទឹមគ្នានោះ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ក៏បាននិយាយអំពីហានិភ័យផ្សេងៗ ការគំរាមកំហែង និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត ដែលធ្វើទស្សនិកជន អាចយល់ពីសារៈសំខាន់ នៃការការពារខ្លួនផងដែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធីខាងលើនេះ ទទួលបានការឧបត្ថម្ភ ពីក្រុមហ៊ុនសមាជិកសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាចំនួន២ គឺ Biplan Global និង Cambodian Investment Management៕