(ភ្នំពេញ)៖ នៅថ្ងៃសៅរិ៍ ទី២៣ ខែមេសា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការ គណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានការចូលរួមពីអនុប្រធានគណៈកម្មាធិការគណបក្សក្រសួង និងសមាជិកសមាជិកានៃគណៈកម្មាធិការគណបក្សក្រសួងទាំងអស់។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងអនុម័ត សម្រួលភារកិច្ច និងលុបសមាសភាពគណៈកម្មាធិការ គណបក្សក្រសួងសួង អនុម័ត សម្រួលភារកិច្ច និងតែងតាំងសមាសភាពគណៈកម្មាធិការហិរញ្ញវត្ថុ គណបក្សក្រសួង អនុម័ត តែងតាំង បន្ថែមសមាសភាពគណៈចាត់តាំងគណបក្សក្រសួង អនុម័ត សម្រួលភារកិច្ច និងតែងតាំងប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ពិនិត្យ និងអនុម័តលើការបង្កើត និងតែងតាំងសមាសភាពគណៈកម្មាធិការ គណបក្សមូលដ្ឋាន នៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ផ្សព្វផ្សាយឯកសាររបស់គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្ដាល និងផ្សព្វផ្សាយ របាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យគណបក្សក្រសួង។

ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានណែនាំដល់សមាជិកសមាជិកានៃ គណៈកម្មាធិការគណបក្សក្រសួងធ្វើការកោះប្រជុំជីវភាពសមាជិកសមាជិកាបក្សក្រោមឱវាទទាំងអស់ឱ្យបានទៀងទាត់ និងបានជំរុញលើកទឹកចិត្តឱ្យធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពការងារបក្សសំខាន់ៗ ជាពិសេសគម្រោងអភិវឌ្ឍន៍ធំៗជូនដល់ថ្នាក់ដឹកនាំ គ.៨៥ បានជ្រាបជារបាយការណ៍ផងដែរ។

ទន្ទឹមជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីលទ្ធផលនៃជំនួបពិភាក្សាការងារ ជាមួយនឹងគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBA) តំណាងឱ្យក្រុមហ៊ុន CCCC Transportation Consultants Co., Ltd តាមប្រព័ន្ធវីដេអូពីចម្ងាយ អំពីគម្រោងស្ដីពីផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដើម្បីធ្វើឱ្យប្រសើរឡើងបណ្តាញផ្លូវទឹករបស់កម្ពុជា ធ្វើយ៉ាងណាឱ្យមាន ការតភ្ជាប់ដោយរលូន និងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ជួយជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវ ទឹកច្រើនជាងការដឹកជញ្ជូនតាមផ្លូវគោកផងដែរ៕