(ភ្នំពេញ)៖ ដូចសព្វមួយដង និងជាថ្មីម្តងទៀត ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុ ជាប់ចំណាត់ថ្នាក់លេខ៤ បើគិតលើចំនួនទ្រព្យសកម្ម ប្រៀបធៀបជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃទៀត នៅកម្ពុជា បានបរិច្ចាគថវិកាចំនួន៥០​លានរៀលជូនចំពោះ កាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីអបអរសាទរ ខួបលើក១៥៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា កន្លងទៅនេះ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា»។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដោយមានការចូលរួម ពីសមាជិក-សមាជិកានៃកាកបាទក្រហមកម្ពុជា សមាជិករដ្ឋសភា និងរដ្ឋាភិបាល សប្បុរសជន និង យុវជនស្ម័គ្រចិត្ត របស់កាកបាទក្រហមកម្ពុជា។

លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុប្រាសាក់ បានថ្លែងឲ្យដឹងនៅថ្ងៃទី១១ ខែឧសភា នេះថា «ប្រាសាក់បានបញ្ចូល កម្មវិធីទំនួលខុសត្រូវសង្គម ទៅក្នុងគ្រឹះស្នូល នៃប្រតិបត្ដិការធុរកិច្ចរបស់ខ្លួន ដើម្បីបង្កើតគុណតម្លៃ អត្ថប្រយោជន៍រួម សម្រាប់ស្ថាប័ន និងសង្គម ហើយក៏តែងតែចូលរួម គ្រប់កម្មវិធីផ្តួចផ្តើមទាំងឡាយណា ដែលផ្តល់ប្រយោជន៍ដល់សង្គម ដូចជាសាងសង់អគារបណ្ណាល័យ ឧបត្ថម្ភការវះកាត់ មាត់ឆែប ឧបត្ថម្ភសិស្សពូកែ នៅទិវាកុមារអន្តរជាតិ ចូលរួមបរិច្ចាគឈាម និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់អតិថិជនរបស់ខ្លួន។ ជាងនេះទៅទៀត ប្រាសាក់បានបរិច្ចាគថវិកា ជូនចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ការងារមនុស្សធម៌»។

លោក សេនាជាតិ បានបន្ថែមថា «កាលពីឆ្នាំមុន យើងបានបរិច្ចាគទឹកប្រាក់ ១០.០០០ ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា ហើយជាថ្មីម្តងទៀត នៅឆ្នាំនេះយើងក៏បានឧបត្ថម្ភថវិកា ចំនួន ១២.៥០០ ដុល្លារអាមេរិក ដែលស្មើនឹង៥០លានរៀលផងដែរ» ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ​ ប្រាសាក់ បាននិងកំពុងដាក់ឲ្យដំណើរការ កម្មវិធីសន្សំពិសេសជូន ដល់សាធារណជនតាមរយៈការ ផ្តល់អត្រាការប្រាក់ ៩. ៧៥% ជាមួយនឹងការជូនរង្វាន់ ដោយមិនចាំបាច់ផ្សងសំណាង រួមមាន កុំព្យូទ័រ MacBook Air ទូរស័ព្ទ iPhone 6S Plus ទូរស័ព្ទ iPhone 6S ទូរស័ព្ទ iPhone 6 ទូរស័ព្ទ Samsung Galaxy A7 ទូរស័ព្ទ Samsung Galaxy J7 ទូរស័ព្ទ Samsung Galaxy J2 ទូរស័ព្ទ Samsung Galaxy J1 ទូរស័ព្ទ Samsung Galaxy J1 mini និងរង្វាន់ដទៃទៀត៕