(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់រយៈពេល ០៤ខែ ដើមឆ្នាំ២០២២ និងទិសដៅអនុវត្តការងារបន្ត។
កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ ដោយមានសមាភាពចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, អគ្គនាយករង, ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ ដែលកិច្ចប្រជុំនេះរៀបចំជាលក្ខណៈហាយប្រីដ (Hybrid) ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoomផងដែរ។
លើកឡើងនាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានកោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំក្រសួងគ្រប់កម្រិត អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ ដែល បានខិតខំចូលរួមអនុវត្តនូវផែនទីចង្អុលផ្លូវស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានជំរុញឱ្យថ្នាក់ដឹកនាំជំនាញទាំងអស់បន្តអនុវត្ត និងតាមដានផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២២ ដែលមានបែងចែកតាមភារកិច្ចរបស់នាយកដ្ឋានជំនាញ អគ្គនាយកដ្ឋានជំនាញ និងថ្នាក់ដឹកនាំក្រសួង ដែលមានអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និងរដ្ឋលេខាធិការប្រចាំការ ជាសេនាធិការ។
ទាក់ទងនឹងការជំរុញចលនាទេសចរផ្ទៃក្នុង លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញឱ្យនាយកដ្ឋានទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណ សហការជាមួយគណកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ត្រូវខិតខំធ្វើជាយុទ្ធនាការផ្សព្វផ្សាយដោយអនុវត្តន៍ តាមយុទ្ធសាស្ត្ររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី «ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី»ស្របទៅតាមចលនា«ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» ដែលធ្លាប់បានធ្វើកន្លងមក និងត្រូវរៀបចំជា ខ្សែនិង កញ្ចប់ទស្សនកិច្ចឱ្យបានច្បាស់លាស់ ទៅកាន់តំបន់ទេសចរណ៍ សហគមន៍ និងអេកូទេសចរណ៍ក៏ដូចជាកញ្ចប់ទៅទស្សនកិច្ច ទៅកាន់គោលដៅ ទេសចរណ៍ថ្មីៗ ប្រកបដោយការទទួលខុសត្រូវ។
លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ត្រីមន្ទីរទេសចរណ៍ទូទាំងរាជធានីខេត្ត ត្រូវសហការជាមួយរដ្ឋបាលខេត្ត និងផ្នែកឯកជន ខិតខំបង្កើតឱ្យមានជាព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា ការកំសាន្តនៅចុងសប្តាហ៍ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋនៅ មូលដ្ឋាន បានជួបជុំកម្សាន្តសប្បាយ និងត្រូវបង្កើតឱ្យបានជាព្រឹត្តិការទេសចរណ៍ជនបទ កសិទេសចរណ៍ដើម្បីជាការជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានល្អនៅតាមមូលដ្ឋានផងដែរ ប៉ុន្តែត្រូវបន្តអនុវត្តន៏ និតិវិធី តាមស្តង់ដារ អប្បបរមា SOPs អោយបានខ្ជាប់ខ្ជួន។
លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីជំនាញ ត្រូវបន្តពង្រឹងសមត្ថភាពឧស្សាហកម្មទេសចរណ៍ ឱ្យស្របតាមការដាក់ចេញក្រមប្រតិបត្តិក្រមសីសធម៌សមាគមទេសចរណ៍ និងដាក់ចេញក្រមប្រតិបត្តិក្រមសីលធម៌ សម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ ដើម្បីពង្រឹងសមត្ថភាព និងគុណភាពនៃការបណ្តុះបណ្តាល ។ ចំពោះមុខត្រូវរៀបចំផែនការយុទ្ធសាស្ត្រ ក្នុងការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវះទេសចរណ៍ រយះពេលខ្លី ដើម្បីបំពេញតម្រូវការឧស្សាហកម្មទេសចរណ៍ ដែលកំពុងជួបប្រទះការខ្វះ ខាត បុគ្គលិកជំនាញក្រោយកូវីដនេះ។
លោក ថោង ខុន ក៏បានណែនាំឱ្យមន្ត្រីជំនាញ ត្រូវរៀបចំ និងប្រែក្លាយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ (Marketing & Promotion Board) ឱ្យជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ មានលក្ខណៈសេដ្ឋកិច្ច ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង។ ចំពោះមុខខិតខំជំរុញការផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍ អន្តរជាតិ តាមស្មារតីេទិការទេសចរណ៍អាស៊ាន ពិសេសទេសចរណ៍ផ្ទៃក្នុងអាស៊ាន និងទីផ្សារ ទេសចរណ៍សំខាន់ៗ ពីអាស៊ានបូក អារ៉ាប់ ឥណ្ឌា អីរ៉ុប អាមេរិក ។ សំខាន់ពីទីផ្សារដែលបានបន្ធូរបន្ថយលក្ខណ្ឌធ្វើដំណើរ និងដែលមានភ្ជាប់ការធ្វើដំណើរ តាមផ្លូវគោក អាកាស ផ្លូវទឹក ព្រោះកម្ពុជាបច្ចុប្បន្ន គឺជាគោលដៅសុវត្តិភាព ហើយបានដោះ របាំងផ្នែកសុខាភិបាល រួចរាល់និង បានផ្តល់ទិដ្ឋាការ អេឡិចត្រូនិច e- visa និងទិដ្ឋាការពេលមកដល់ដូចដើម។ ទន្ទឹមនោះ កម្ពុជាក៏បានធ្វើការអភិវឌ្ឍន៏ ផលិតផលទេសចរណ៍ថ្មី ដ៏ទាក់ទាញជាច្រើនផងដែរ។
ចំពោះកិច្ចការអភិបាលកិច្ចទេសចរណ៍ លោករដ្ឋមន្ត្រី ក៏បានជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប, មណ្ឌលគិរី និងរៀបចំអនុវត្តយន្តការ DMO ស្របតាមផែនការ។ ទន្ទឹមនេះរៀបចំបញ្ចប់ផែនការមេខេត្តកែប និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២២-២០៣៥ ដែលនឹងត្រូវដាក់ឆ្លងរាជរដ្ឋាភិបាល នាពេលខាងមុខផងដែរ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងអគ្គនាយកដ្ឋាន អភិវឌ្ឍន៍ ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បន្តធ្វើការសហការគ្នាដើម្បីរៀបចំការងារសម្រាប់សន្និបាតបូកសរុបការងារក្រសួងសម្រាប់ឆ្នាំ២០២០, ឆ្នាំ២០២១, ឆមាសទី១ ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២២-២០២៣ នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២២ខាងមុខ ដោយនឹងស្នើសុំគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាអធិបតីផងដែរ។
ព្រមជាមួយនោះ លោករដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រី ទាំងអស់ចូលរួមយ៉ាងសកម្មដល់ការរៀបចំ ព្រឹត្តិការណ៍ កីឡាសុីហ្គេម ២០២៣ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយដែលអាស៊ាន ក៏បានចាត់ទុកថា នេះជាព្រិត្តិការណ៍កីឡា ទេសចរណ៍ដ៏ធំរបស់អាស៊ាន ក្រោយវិបត្តិកូវីដផងដែរ៕