(កំពង់ស្ពឺ)៖ នៅវេលាម៉ោង១០៖00នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងជំនាញគ្រឿងញៀន សហការជាមួយកម្លាំង​ព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានចុះឃាត់ខ្លួនប្ដីប្រពន្ធ២នាក់ សង្ស័យថា មានការជួញដូរគ្រឿងញៀន និងបានដកហូតម្សៅក្រាមពណ៌សរ សង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ (១កញ្ចប់មធ្យម ១កញ្ចប់តូច)  និងទូរស័ព្ទដៃ១គ្រឿង កាបូបស្ពាយ១ ម៉ូតូ ម៉ាកនិច ពណ៌ស​១គ្រឿង ត្រង់ចំណុចខ្នងប្រឡាយខាងត្បូង ភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យខាងលើមានឈ្មោះ ប្តីឈ្មោះ ស៊ឹម ផន អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ រស់ ធារី អាយុ២២ឆ្នាំ រស់នៅភូមិត្រស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។  លោកវរសេនីយ៍ទោ ឃុត សុផល អធិការនគរបាលក្រុងច្បារមន បានឲ្យដឹងថា មុខសញ្ញាជាប្តីប្រពន្ធ២នាក់នេះ ត្រូវបានកម្លាំងលោក បានតាមដានរហូតធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕