(កំពង់ឆ្នាំង)៖ ផ្លូវកៅស៊ូក្នុងភូមិឃ្លាំងប្រាក់ និងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ជាង១គីឡូម៉ែត្រ ដែលរងការខូចខាតកន្លងមកក្នុងរដូវវស្សា កំពុងដំណើរការជួសជុលជាថ្មីឡើងវិញ ដោយមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង តែចំណាយថវិការបស់សាលាខេត្ត ដែលត្រូវជួសជុលឱ្យរួចរាល់ មុនរដូវភ្លៀងធ្លាក់ខាងមុខនេះ។

ការជួសជុលកំណាត់ផ្លូវកៅស៊ូខាងលើនេះ បានធ្វើឲ្យប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវសូមថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ជួយជួសជុលផ្លូវខាងលើនេះ។

លោក ឈួរ រិទ្ធី អនុប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បាននិយាយថា អភិបាលខេត្តកំពង់ឆ្នាំង នៅពេលថ្មីៗនេះ បានទម្លាក់ថវិការបស់សាលាខេត្ត ឱ្យមន្ទីរសាធារណការ ដំណើរការជួសជុលផ្លូវកៅស៊ូនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង មានប្រវែងជាង១ពាន់ម៉ែត្រ មានទទឹង៦ម៉ែត្រ ដោយត្រូវជួសជុលចាក់កៅស៊ូ២ជាន់ និងតាមផែនការគឺជំរុញធ្វើឲ្យរួចរាល់នៅមុនរដូវភ្លៀងធ្លាក់ខាងមុខនេះ ដើម្បីសម្រួលការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។

អាជ្ញាធរសង្កាត់ប្អេរ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ និងនៅក្នុងឃុំស្រែថ្មី ដែលប្រើប្រាស់ផ្លូវខាងលើនេះកន្លងមក បានជួបការលំបាក ព្រោះតែផ្លូវនេះមានការខូចខាតយ៉ាងខ្លាំង ដែលមានកន្លែងខ្លះ ស្ទើតែក្លាយទៅជាថ្លុកត្រពាំង ទៅហើយ។ ដូច្នេះផែនការជួសជុលផ្លូវនេះ ឲ្យក្លាយទៅជាផ្លូវកៅស៊ូ២ជាន់ ប្រជាពលរដ្ឋពិតជាសប្បាយរីករាយណាស់និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋ ដោយជួយទម្លាក់ថវិកាជួសជុលផ្លូវខាងលើនេះ ដើម្បីជួយសម្រួល ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ គឺមានផ្លូវពិតជាមានក្តីសង្ឃឹម៕