(ភ្នំពេញ)៖ កម្ពុជាពេលនេះមានពលករ ធ្វើការងារនៅក្រៅប្រទេស សរុបចំនួន១,៣០១,៦០៩នាក់ ក្នុងប្រទេសចំនួន៧។ តាមរយៈសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។
តាមសារលិខិតនេះ, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពលករខ្មែរដែលធ្វើការងារនៅប្រទេសទាំង៧នោះរួមមាន៖
*១៖ ប្រទេសថៃមានចំនួន ១,២២០,១៩៧នាក់
*២៖ ប្រទេសកូរ៉េ ៤៥,៨៦៦នាក់
*៣៖ ម៉ាឡេស៊ី ២៣,០២៧នាក់
*៤៖ ប្រទេសជប៉ុន ១១,៤៥៣នាក់
*៥៖ សិង្ហបុរី ៨២១ នាក់
*៦៖ ប្រទេសហុងកុង ២០២នាក់
*៧៖ អារ៉ាប់ប៊ីសាអូឌីត ៤៣នាក់។
បើតាមការប៉ាន់ប្រមាណពីប្រាក់បញ្ញើ ដែលពលករបានផ្ញើជូនក្រុមគ្រួសារក្នុង១ឆ្នាំៗ ជាច្រើនពាន់លានដុល្លារអាមេរិក ដែលតាមរយៈទឹកប្រាក់ទាំងនេះ បានចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ច ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករកាន់តែប្រសើរឡើង។
រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងបន្តជំរុញការអនុវត្តគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ផងដែរ៕