(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ក្រសួងសាធារណការនឹងជ្រើសរើសនិស្សិតឆ្នើមរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដេីម្បីធ្វើការសម្រាប់រយៈពេលពីរទៅបីខែ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅពេលវិស្សមកាល ដើម្បីធ្វើកម្មសិក្សា ក៏ដូចជាស្វែងយល់អំពីកំពង់ផែនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសដឹកនាំយុវជនក្រសួង និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនប្រមាណ ៣០០នាក់ ចូលធ្វើទស្សនកិច្ចសិក្សា ស្វែងយល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងនឹងស្នើសុំឱ្យកំពង់ផែស្វយ័តក្រុងភ្នំពេញ និងវិស័យឯកជនពិនិត្យលទ្ធភាពយកនិស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនទៅធ្វើការសិក្សាអំពីការងារក្នុងវិស័យឯកជនក្នុងរយៈពេលវិស្សមកាលរបស់ខ្លួន ដើម្បីទទួលបានចំណេះដឹងទាក់ទងនឹងការងារវិស័យឯកជន និងឈានទៅធ្វើការសម្រេចចិត្តជ្រើសរើសវិស័យណាមួយក្នុងការចូលរួមបម្រើប្រទេសជាតិមាតុភូមិរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃកត្តាសុខសន្តិភាពដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល ទាក់ទាញទេសចរណ៍រាប់លាននាក់មកលេងកម្ពុជា និងធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ មាននាវាធំៗចូលចត មានឱកាសនាំយកផលិតផលទៅលក់នៅបរទេស ជំរុញឱ្យពាណិជ្ជកម្មមានការរីកចម្រើន មានការងារធ្វើមានឱកាសកសាងស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រលានយន្តហោះ និងកំពង់ផែជាដើម។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងអភិវឌ្ឍន៍កំពង់ផែជាច្រើនបន្ថែមទៀតដើម្បីកាត់បន្ថយចំណាយលើការដឹកជញ្ជូន បង្កើនប្រសិទ្ធភាពនៃការប្រកួតប្រជែងឱ្យកាន់ប្រសើរឡើង និងគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) ក្នុងការចូលរួមចំណែកពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាតិប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ជួយពន្លឿននីតិវិធីចេញ-ចូលនាវា នៅតាមកំពង់ផែ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រផងដែរ៕