(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១១​ ខែឧសភានេះ លោក អ៊ូ វីរៈ ប្រកាសនៅលើ Facebook របស់លោកថា នៅថ្ងៃស្អែកវេលាម៉ោង ៩ព្រឹក លោកនឹងចូលខ្លួនទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញ តាមដីកាកោះហៅរបស់តុលាការ។

លោក អ៊ូ វីរៈ​ បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា «លោក ស្អែកម៉ោង៩ ខ្ញុំនឹងចូលទៅតុលាកាតាមការកោះ I will appear for questioning tomorrow morning at 9 @PPCourt»

សូមជំរាបថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះអញ្ជើញ លោក អ៊ូ វីរៈ ប្រធានវេទិកា អនាគតកម្ពុជា ឲ្យចូលបំភ្លឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ចំពោះបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជា តំណាងដោយលោក សុខ ឥសាន បានដាក់ពាក្យប្តឹង លោក អ៊ូ វីរៈ ប្រធានវេទិកា អនាគត ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ជាមួយគ្នានេះគណបក្សដ៏ធំជាងគេនៅកម្ពុជា បានទាមទារសំណង ដែលធ្វើប៉ះពាល់ដល់គណបក្ស ចំនួន៤០០លានរៀល។

ការដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ លោក អ៊ូ វីរៈ បានលើកឡើងតាមរយៈ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៦ ដោយចោទគណបក្សប្រជាជនថា ជាអ្នកនៅពីក្រោយនៃដំណើររឿង លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី៕