(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ត្រីមាសទី១ ឆ្នាំ២០២២នេះ កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ មានចំនួន១៩៨ ១៨២ TEUs កើនឡើង១៦.៣២ភាគរយ។

ការកើនឡើងនេះជាសញ្ញាឆ្លុះបញ្ចាំពីការងើបឡើងសន្សឹមៗនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ដែលជំរុញឲ្យកំពង់ផែ ត្រូវរៀបចំពង្រីកបន្ថែមទៀត ដោយសារតែទំនិញដឹកចេញ-ចូលច្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសអញ្ជើញដឹកនាំយុវជនក្រសួង និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ បានធ្វើទស្សនកិច្ចសិក្សា ស្វែងយល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ពីសារៈសំខាន់មួយចំនួនដែលធ្វើឲ្យកុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុកើនឡើង គឺកត្តាសុខសន្តិភាព ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលទាក់ទាញទេសចរណ៍រាប់លាននាក់មកលេងកម្ពុជា និងធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ មាននាវាធំៗចូលចត មានឱកាសនាំយកផលិតផល ទៅលក់នៅបរទេស ជំរុញឱ្យពាណិជ្ជកម្មមានការរីកចម្រើន មានការងារធ្វើ មានឱកាសកសាងស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រលានយន្តហោះ និងកំពង់ផែជាដើម។

លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា «កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវពង្រីកបន្ថែមទៀត ដោយសារមានកប៉ាល់ដឹកទំនិញចេញ-ចូលច្រើន ព្រោះសេដ្ឋកិច្ចកម្ពុជាកំពុងតែមានការរីកចម្រើន»

លោកបានបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតនៅទីតាំងយុទ្ធសាស្ត្រប្រកបដោយ សក្តានុពលមានអំណោយផលពីធម្មជាតិ សម្រាប់ការកសាងកំពង់ផែសមុទ្រទឹកជ្រៅ មានចម្ងាយជិតនឹងទឹកជ្រៅ ដែលពុំចាំបាច់ចំណាយលើការបូមស្តារជាប្រចាំ។

ក្រៅពីអាជីវកម្មលើកដាក់ និងថែរក្សាទំនិញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានអាជីវកម្មបន្ទាប់បន្សំមួយទៀត គឺតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ។ តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ បានដំណើរការតាំងពីឆ្នាំ២០១២ លើផ្ទៃដីទំហំ៦៤ហិកតា បង្កើតឡើងក្នុងគោលបំណងទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ជាពិសេសបង្កើតការងារ ធ្វើជូនប្រជាពលរដ្ឋកម្ពុជា និងគាំទ្រអាជីវកម្មកំពង់ផែផងដែរ៕